ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ បានជួយបង្កើនសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការត្រួតពិនិត្យស្ថានការណ៍នៅតាមតំបន់នានានៅខេត្តកំពត។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា ការតម្លើងកាមេរ៉ាសុវត្ថិភាពនៅខេត្តកំពតនេះពិតជាបានជួយការងារជាច្រើន និងបានបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងបទល្មើសនានា ការងារសណ្ដាប់ធ្នាប់ ការងារចរាចរណ៍ និងជាពិសេសបានជួយឱ្យសមត្ថកិច្ចធ្វើការឆ្លើយតបបានទាន់ពេលវេលាផងដែរ។

លោកស្នងការ បានឱ្យដឹងទៀតថា ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់យូរមកប៉ុន្តែពុំសូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយនោះទេ។ លោកថា កត្តាដែលជំរុញឱ្យមានការខិតខំប្រឹងប្រែងតម្លើងកាមេរ៉ាសុវត្ថិភាពនេះ ធ្វើឡើងដើម្បីផ្ដោតសំខាន់ទៅលើការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពីព្រោះការបំពាក់កាមេរ៉ានេះ គឺពិតជាបានជួយសម្រួលការងារជាច្រើនទៅដល់សមត្ថកិច្ច ពាក់ព័ន្ធនឹងការទប់ស្កាត់នូវបញ្ហាបទល្មើសផ្សេងៗ និងផ្តល់ភាពងាយស្រួលក្នុងការស្រាវជ្រាវកំណត់មុខសញ្ញា។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាក់ថា ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះ ត្រូវបានតម្លើងដំបូងនៅក្រុងកំពតទាំងមូល ដោយសារតែនៅតំបន់ទាំងនោះ ជាតំបន់ទេសចរណ៍ និងមានកន្លែងកម្សាន្តជាច្រើន ដែលមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិដើរលេងកម្សាន្ត។ លោកបន្តថា នៅក្នុងក្រុងកំពតមានការតម្លើងកាមេរ៉ាសុវត្ថិភាពចំនួន១៣គោលដៅសំខាន់ៗ និងគោលដៅមួយចំនួនទៀតដើម្បីទប់ស្កាត់នូវបទល្មើសណាមួយជាយថាហេតុ។
លោកឧត្តមសេនីយ៍ទោ អះអាងថា«ជាបទពិសោធន៍កាមេរ៉ាដែលយើងបានបំពាក់ទាំងនេះ កន្លងមកបានជួយការងារជាច្រើនទៅលើករណីព្រហ្មទណ្ឌដែលយើងបង្ក្រាបបាន ក្នុងនោះក៏មានការរួមចំណែកពីកាមេរ៉ាសុវត្ថិភាពនេះផងដែរ។ ប្រសិនបើយើងមិនមានកាមេរ៉ាសុវត្ថិភាពទាំងនេះជួយទេ គឺយើងប្រហែលជាមានការពិបាក ពីព្រោះបទល្មើសខ្លះកើតឡើងនៅពេលយប់ដែលជនល្មើសទាំងនោះប្រព្រឹត្តិពេលយប់ជ្រៅ អញ្ចឹងវាក៏ជាបញ្ហាប្រឈមសម្រាប់សមត្ថកិច្ចផងដែរ។ បើទោះបីជាមានសមត្ថកិច្ចប្រចាំការ២៤ម៉ោងលើ២៤ម៉ោងក៏ដោយ ប៉ុន្តែពេលខ្លះសមត្ថកិច្ចយើងក៏អស់កម្លាំងក៏សម្រាកបន្តិចបន្តួច ដែលអាចបង្កើតឱ្យមានការឆកល្វែងក្នុងការទប់ស្កាត់ ប៉ុន្តែនៅពេលដែលយើងមានកាមេរ៉ាសុវត្ថិភាពយើងនឹងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាតាមរយៈកាមេរ៉ាសុវត្ថិភាពនេះ។ លោកថា នៅក្នុងក្រុងកំពតនេះក្រោយពេលដែលយើងបំពាក់កាមេរ៉ាសុវត្ថិភាពយើងបានទប់ស្កាត់បទល្មើសច្រើន ដូចជាករណីលួច ឆក់ និងករណីហិង្សាផ្សេងៗ ក្រៅពីនោះវាក៏បានជួយនូវការងារសណ្ដាប់ធ្នាប់ និងចរាចរណ៍មួយចំនួនទៀត ដែលជួយឱ្យស្នងការដ្ឋាននគរបាលខេត្តកំពត អនុវត្តច្បាប់ បង្ក្រាប ទប់ស្កាត់ និងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ»៕