លោក បណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះលើបណ្ដាញសង្គម Facebook នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ដោយលើកឡើងថា «ភាគីថៃបានប្រើផែនទីឯកតោភាគី បំពានលើមាត្រា១ នៃMoU ប៉ុន្តែបែរជាចោទកម្ពុជាទៅវិញ»។

លោក បណ្ឌិត យង់ ពៅ បានចោទជាសំណួរថា ខ្លឹមសារនៅក្នុង MoU ជាភាសាថៃ ផ្សេងពីភាសាខ្មែររឺយ៉ាងណា?
លោក បណ្ឌិត បានបង្ហាញខ្លឹមសារមាត្រា១ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលថៃ ស្ដីពីការវាស់វែងនិងខិតព្រំសីមាព្រំដែនគោកដែលភាគីទាំងពីរបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ (ឬហៅកាត់ថា MOU ឆ្នាំ២០០០) ដូចខាងក្រោម៖
មាត្រា១៖ ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងកម្ពុជា -ថៃ ត្រូវធ្វើឡើងរួមគ្នា ដោយសំអាងលើឯកសារដូចជា៖
(1)-អនុសញ្ញារវាងបារាំង-សៀម ដែលបានកែប្រែអត្ថន័យនៃសន្ធិសញ្ញា ថ្ងៃទី៣ ខែតុលា ឆ្នាំ១៨៩៣ ទាក់ទងទៅនឹងដែនដី និងការព្រមព្រៀងដទៃទៀត ដែលបានចុះហត្ថលេខានៅទីក្រុងប៉ារីស នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ ។
(2)-សន្ធិសញ្ញារវាងព្រះមហាក្សត្រសៀម និងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដែលបានចុះហត្ថលេខានៅទីក្រុងបាងកក នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩០៧ និងពិធីសារស្តីពីការកំណត់ព្រំដែន ដែលជាឧបសម្ព័ន្ធ នៃសន្ធិសញ្ញា ចុះថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩០៧
(3)-បណ្តាផែនទីដែលជាលទ្ធផល នៃកិច្ចការខ័ណ្ឌព្រំសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ដែលបង្កើតឡើងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង-សៀម និងឯកសារដទៃទៀត ដែលទាក់ទងទៅនឹងការអនុវត្តនៃអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង-សៀម។
គួររំលឹកដែរថា តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៧ ខែកក្កដា កម្ពុជា បានអំពាវនាវឱ្យប្រទេសថៃគោរព ដោយសុទ្ធចិត្ត ចំពោះ កាតព្វ កិច្ចរបស់ខ្លួនតាមសន្ធិសញ្ញារួមទាំងក្នុង MOU ឆ្នាំ២០០០ ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលបានប្រព្រឹត្តជាក់ស្តែង និងចូលរួម ដោយស្ថាបនាក្នុងការដោះស្រាយវិវាទតាមសន្តិវិធី តាមរយៈតុលាការយុត្តិធម៌អន្តរជាតិដែលមាន ការទទួលស្គាល់ថាជាយន្តការច្បាប់អន្តរជាតិផងដែរ៕
ដោយ៖ ផុន លីហ្សា



