លោក ហេង នរៈកក្កដា ប្រកាសបែកបាក់ជាមួយគូដណ្តឹងខណៈខាងស្រីបង្ហាញក្តីឈឺចាប់យ៉ាងខ្លាំងក្លានិងបានរួចផុតពីនរក៩ជាន់ ! 

ស្របពេលដែលតារាសម្តែងរូបសង្ហា ហេង នរៈកក្កដា ប្រកាសបែកបាក់គូដណ្តឹងដែលរួមរស់ជាមួយគ្នាទាំងយប់មក ស្រាប់តែខាងស្រីក៏បង្ហាញនូវការឈឺចាប់យ៉ាងខ្លាំងក្លា តែទោះជាយ៉ាងអតីតគូដណ្តឹងរបស់តារារូបនេះបែរជានិយាយថា ខ្លួនបានរួចផុតពីនរក៩ជាន់ និងចាប់ផ្តើមជីវិតថ្មីម្តងទៀត ។ 

តារាសម្តែងរូបសង្ហា ហេង នរៈកក្កដា មិនធ្លាប់មានដំណឹងឈ្លោះប្រកែកឬមិនត្រូវគ្នាជាមួយគូដណ្តឹងរបស់ខ្លួនឡើយ ដោយអ្នកទាំងពីរតែងតែបញ្ចេញនូវវិដេអូផ្អែមល្ហែម និងដើរលេងជាមួយគ្នាយ៉ាងសប្បាយរីករាយចែករំលែកទៅកាន់អ្នកគាំទ្រខ្លួន ។ ដោយឡែកនៅយប់ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០២៥នេះ តារាសម្តែងរូបសង្ហា ហេង នរៈកក្កដា បានធ្វើឱ្យមិត្តសិល្បករជាច្រើនមានការភ្ញាក់ផ្អើល បន្ទាប់ពីលោកបានប្រកាសថាទាំងយប់ថា ខ្លួនបានបែកបាក់ជាមួយគូដណ្តឹង ។ 

ក្នុងសំណេររបស់លោក ហេង នរៈកក្កដា បានសរសេរយ៉ាងច្បាស់ៗថា « ខ្ញុំបាទនិងអតីតគូដណ្តឹងបានដើរដល់ផ្លូវទាល់ហើយ ដោយមិនអាចបកក្រោយវិញបាននោះទេ ដោយសារតែពួកខ្ញុំរស់នៅមិនចុះសម្រុងនិងគ្នា » ។

ក្រឡេកទៅមើលគណនេយ្យហ្វេសប៊ុករបស់អតីតគូដណ្តឹងលោក ហេង នរៈកក្កដា គឺអ្នកនាង លី លីហ្សា វិញថ្វីដ្បិតតែបានប្រកាសថាបែកបាក់ដោយសន្តិវិធី ប៉ុន្តែនាងថែមទាំងបានព្រលយនូវពាក្យពេចន៍ដ៏ឈឺចាប់ជាច្រើនថា « នាងខ្ញុំឈឺទ្រោមខ្លួនខ្លាំងណាស់ អរគុណដែលបានជូនពរនិងសួរសុខទុក្ខ ។ ពេលនេះខ្ញុំបានរួចផុតពីនរក៩ជាន់ហើយ ហើយក៏នឹងចាប់ផ្តើមជីវិតថ្មីម្តងទៀតរស់នៅម្នាក់ឯងសប្បាយដូចមុន ។ ការឈឺចាប់មួយនេះសូមលាក់ទុកកាយកប់ម្នាក់ឯង » ។

គួររំលឹកផងដែរថា លោក ហេង នរៈកក្កដា បានភ្ជាប់ពាក្យជាមួយគូស្នេហ៍របស់ខ្លួនកាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ កន្លងមកនេះយ៉ាងធំដុំ និងបានញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។ អ្នកទាំងពីរថែមទាំងមានគម្រោងការងារជាច្រើនជាមួយគ្នា ប៉ុន្តែពេលនេះអ្វីៗប្រែប្រួលអស់ហើយ បន្ទាប់ពីអ្នកទាំងពីរបានប្រកាសបែកបាក់គ្នាជាផ្លូវការ និងប្រកបដោយសន្តិវិធីដើរផ្លូវរៀងៗខ្លួន ៕