មាសសុទ្ធមិនខ្លាចភ្លេីង! ចង់ដឹងភាគីណាផ្ទុះអាវុធមុន? សម្ដេចធិបតី​ហ៊ុន ម៉ាណែត ជំរុញអាមេរិក និងម៉ាឡេស៊ី ផ្ទៀងផ្ទាត់ជាមួយរូបភាពផ្កាយរណប

ខ្លីៗងាយយល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញ ឲ្យសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើ រូបភាពផ្កាយរណប ដើម្បីផ្ទៀងផ្ទាត់ថាតើភាគីណាបាញ់មុន។ សម្តេចបញ្ជាក់ថា វិធីសាស្រ្តនេះងាយស្រួល និងមានតម្លាភាពបំផុត ហើយកម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ។

តាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយលោក Donald Trump ប្រធានាធិបតីអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបណ្ដាលឱ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរ សម្តេចបានផ្តល់យោបល់ថា កងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។

សម្តេចធិបតីបានបញ្ជាក់ថា វិធីសាស្រ្តនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ។ កម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណលោកទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ សំដៅសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ៕