ទើបបញ្ចប់បេសកកម្មដើរថ្មើរជើង កុយ អេណា មិនខ្វល់រឿងថែសម្រស់មានគម្រោងបន្តបេសកកម្មថ្មី !

គ្រាន់តែបញ្ចប់បេសកកម្មដើរថ្មើរជើងមិនបានប៉ុន្មានថ្ងៃផង ស្រាប់​តែកញ្ញា កុយ អេណា មានគម្រោងនឹងបន្តបេសកម្មថ្មីជាបន្តទៀត ដើម្បីផ្សារភ្ជាប់តំបន់ទេសចរណ៍នៅ កម្ពុជា ដោយមិនខ្វល់ពីរឿងថែរក្សាសម្រស់ ។ 

បេសកកម្មដើរថ្មើរជើងរបស់កញ្ញា កុយ អេណា ពីទីក្រុង ភ្នំពេញ ទៅខេត្ត សៀមរាប បានផ្ទុះកក្រើកពេញក្នុងនិងក្រៅប្រទេស និងទទួលបានគាំទ្រខ្លាំងពីមហាជន អ្នកខ្លះស្ទើរតែមិនជឿថា នារីដ៏ស្រស់ស្អាតរូបនេះ អាចនឹងធ្វើបាននោះទេ ដែលសុខចិត្តលះបង់សម្រស់ កម្លាំងកាយចិត្ត ដើរចម្ងាយរាប់រយគីឡូម៉ែត្របែបនេះ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះគឺ កុយ អេណា ធ្វើបានសម្រេចក្នុងបេសកកម្មរបស់ខ្លួន ថែមទាំងបានឆក់យកបេះដូងយ៉ាងច្រើនពីមហាជន ។

ជាមួយនិងភាពជោគជ័យរបស់ខ្លួននេះ កញ្ញា កុយ អេណា ក៏មានគម្រោងបង្កើតបេសកកម្មថ្មីមួយទៀត ដើម្បីផ្សារភ្ជាប់តំបន់ទេសចរណ៍​នៅក្នុងប្រទេស កម្ពុជា ដូចគម្រោងថ្មើរជើងពីភ្នំពេញទៅខេត្ត សៀមរាប ដែរ ។ កញ្ញា កុយ អេណា នៅពុំទាន់បង្ហើបប្រាប់ថានឹងបន្តបេសកកម្មទៅប៉ែកខាងណានៅឡើយទេ ដោយសារទើបតែបញ្ចប់បេសកម្មទី១របស់ខ្លួន នាងថាគម្រោងអាចនឹងចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ ។

បន្ទាប់ពីបំពេញបេសកកម្មទី១ចប់ កញ្ញា កុយ អេណា ក៏បានបង្ហាញវត្តមានថ្មីជាមួយឈុតសម្លៀកបំពាក់អប្សារាយ៉ាងស្រស់ស្អាតនៅទឹកដីអង្គរ តាមរយៈវិដេអូ និងរូបភាពរបស់នាងគឺបានទាក់ចិត្តភ្ញៀវជាតិនិងអន្តរជាតិជាច្រើន ។ 

ក្រឡេកមកមើលសម្រស់កញ្ញា កុយ អេណា វិញគឺមានការប្រែប្រួលច្រើន មិនស្រស់ស្អាតដូចកាលពីមុនទេ ជាពិសេសសប្បុរស្បែរករបស់នាងពេលនេះកាន់តែឡើងខ្មៅជាងមុន ។ ចំពោះរឿងសម្រស់ កញ្ញា កុយ អេណា បានបញ្ជាក់ថា នាងមិនខ្វល់ពីរឿងសម្រស់នោះទេ ពីព្រោះនាងចង់ធ្វើបេសកកម្មមួយនេះឱ្យចប់ ​និងជោគជ័យ ថ្វីដ្បិតតែសប្បុរនាងមើលទៅខ្មៅបន្តិចមែន ប៉ុន្តែស្រស់ស្អាតនិងគួរឱ្យស្រឡាញ់ណាស់ ដូចដឹងស្រាប់ហើយថានាងជាមនុស្សម្នាក់ដែលស្រឡាញ់សប្បុរបែបនេះ ៕