ទំនេរអត់មានអ្នកហៅថតច្រើនខែតារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ ដាច់ចិត្តនិយាយពាក្យទាំងនេះ ដើម្បីផ្តាំផ្ញើទៅកាន់អ្នកដឹកនាំរឿងក៏ដូចជាម្ចាស់ក្រុមហ៊ុនផ្សេងៗឱ្យបានដឹង ។

លោក ទេព រិនដារ៉ូ គឺជាតារាសម្តែងជើងចាស់មួយរូបដ៏មានប្រជាប្រិយភាពមួយរូប ហើយលោកត្រូវបានចាត់ទុកថាជាតារាសម្តែងរីកគ្រប់រដូវ បើទោះបីជាលោកមានវ័យច្រើនបន្តិចក្តី តែការងាររបស់លោកនៅតែមានជាហូរហែ ទាំងការងារថតស្ពត និងសម្តែងជាដើម …។ ដោយឡែកថ្មីៗនេះ ស្រាប់តែតារាជើងចាស់រូបនេះដាច់ចិត្តនិយាយពាក្យពិតនៅក្នុងចិត្តនិងសុំឱ្យម្ចាស់ផលិតកម្មហៅថតផង ពីព្រោះប៉ុន្មានខែនេះស្ងាត់ណាស់ មិនមានការងារធ្វើទេ ក្រៅពីនៅផ្ទះថែទាំសួន ដាំផ្កា មិនបានចេញរកស៊ីអ្វីទេ ។
លោក ទេព រិនដារ៉ូ បាននិយាយថា ធម្មតាទេប៉ុន្មានខែនេះនរណាៗក៏ស្ងាត់ការងារដែរ បន្ទាប់ពីប្រទេសជាតិកំពុងជួបបញ្ហាសង្រ្គាមនៅព្រំដែន លោករំពឹងថាអ្វីៗនឹងបានល្អប្រសើរឡើង ហើយលោកទទួលបានការងារជាបន្តបន្ទាប់ដូចដើម ។
ថ្វីដ្បិតតែស្ងាត់មិនទាន់ទទួលថតរឿងថ្មីក៏ពិតមែនប៉ុន្តែលោក ទេព រិនដារ៉ូ តែងតែមានវត្តមាននៅក្នុងការសម្តែងរឿងខ្លីជាមួយក្រុមនាយ ព្រែក និង យាយយ៉យ ។ តាមរយៈការសម្តែងរបស់លោកក្នុងរឿងខ្លីនោះ ពិតជាផ្ទុះនិងទទួលបានការពេញចិត្តច្រើនពីមហាជន ជាពិសេសនៅពេលដែលលោកសម្តែងជាមួយតារាកំប្លែង យាយយ៉យ និងតារាសិចស៊ី ជេសស៊ីកា ៕





