កម្ពុជាមិនខ្លាចការពិត! ឧបនាយករដ្ឋមន្រ្តីកម្ពុជា ត្រៀមចុងប៊ិចចុះ MOU ជាមួយសិង្ហបុរី បញ្ជាក់ពីការបន្តប្ដេជ្ញាចិត្តរវាងប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន  

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាវេលាថ្ងៃត្រង់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចេញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរីរហូតដល់ថ្ងៃទី៩ ខែកក្កដា។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម K. Shanmugam រដ្ឋមន្រ្តីក្រសួងសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី។

លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា គណៈប្រតិភូអមចូលរួមក្នុងដំណើរទស្សនកិច្ចនេះ រួមមាន ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ លោកជំទាវ សំបូរ សម្ផស្ស អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។

បើតាមលោក រ៉េន រតនៈ នៅប្រទេសសិង្ហបុរី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម K.Shanmugam រដ្ឋមន្រ្តីក្រសួងសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី ព្រមទាំងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ ស្ដីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីបន្តពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។

ក្នុងឱកាសទស្សនកិច្ចនេះដែរ អ្នកនាំពាក្យបានឱ្យដឹងទៀតថា ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក៏នឹងមានជំនួបសម្ដែងការគួរសមជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរី ព្រមទាំងបន្តដឹកនាំគណៈប្រតិភូទស្សនកិច្ចស្វែងយល់នៅតាមបណ្ដាទីតាំងសំខាន់ៗ ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ។

សូមបញ្ជាក់ជូនថាក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសិង្ហបុរី បានបង្កើតយន្តការសហប្រតិបត្តិការក្នុងការងារបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន តាំងពីឆ្នាំ២០០៨មកម្លេះ។ ឈរលើស្មារតីសហប្រតិបត្តិការនេះ ក្រសួងទាំងពីរបានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ ទាំងការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់កម្រិត ព្រមទាំងកិច្ចសហការស្រាវជ្រាវ និងចាប់ខ្លួនជនល្មើស។

លោក រ៉េន រតនៈ បានសង្កត់ធ្ងន់ថា អនុស្សារណៈត្រៀមចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ច ឯកឧត្តមអភិសន្តិបណ្ឌិត គឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ពីការបន្តប្ដេជ្ញាចិត្តរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាបទល្មើសប្រឈមពាសពេញសកលលោក និងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្ដែងនិយមទាំងកម្រិតទ្វេភាគី និងពហុភាគី៕