ចំណងថ្មីឆ្លងទន្លេមេគង្គ! ស្ពានមិត្តភាពកម្ពុជា-ចិនគ្រោងបើកឱ្យឆ្លងបណ្តោះអាសន្ននាបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គ្រោងនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត និងយានយន្តធុនតូច ដើម្បីសម្រួលដល់ចរាចរណ៍ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរ នាឱកាសពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីសម្រេចវឌ្ឍនភាពបាន៩៦%។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងចុងក្រោយ នាថ្ងៃទី៧ ខែកក្កដា ដើម្បីត្រៀមបើកឱ្យប្រើប្រាស់បណ្តោះអាសន្ននាពេលឆាប់ៗនេះ។

ស្ពានខាងលើនេះ មានប្រវែងសរុប ១,៧៦១ម៉ែត្រ ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមថា «ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ» ដែលត្រើយខាងកើតស្ថិតក្នុង ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតក្នុង ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

គម្រោងសាងសង់ស្ពាន និងកំណាត់ផ្លូវតភ្ជាប់ ត្រូវបានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលចិនជាង ១១៤លានដុល្លារ អាម៉េរិក ដោយក្រុមហ៊ុនសៀងហៃ (SCG) ជាអ្នកសាងសង់ និងក្រុមហ៊ុន WACC ជាទីប្រឹក្សាបច្ចេកទេស។

ក្រៅពីនេះ គម្រោងខាងលើនឹងចូលរួមក្នុងការលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ(GMS) និងអនុតំបន់មេគង្គឡាន-ឆាងផងដែរ។

សូមជម្រាបថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងកំណាត់ផ្លូវតភ្ជាប់ នឹងចូលរួមបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជំរុញកំណើនដឹកជញ្ជូនក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិភាគឦសានទៀតផង៕

ដោយ៖ ផុន លីហ្សា