ទូតកម្ពុជានៅបារាំង ប្រាប់អង្គការOIF ពីផលប៉ះពាល់លើស្ត្រីនិងក្មេងស្រី ដោយសារការឈ្លានពានរបស់កងទ័ពថៃ

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ឯកឧត្តម លុយ ដាវីត បានប្រាប់លោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការ OIF ពីផលប៉ះពាល់លើស្ត្រីនិងក្មេងស្រីកម្ពុជា ដោយសារការឈ្លានពានរបស់កងទ័ពថៃ។

តាមរយៈបទអន្តរាគមន៍ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអភិបាលកិច្ចមូលនិធិ «ហ្វ្រង់កូហ្វូនីសម្រាប់ស្ត្រីនិងក្មេងស្រី» កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម លុយ ដាវីត បានសង្កត់ធ្ងន់លើភាពងាយរងគ្រោះរបស់ស្រ្តីកម្ពុជា នៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបណ្តាលមកពីការដាក់ទូរកុងតឺន័រ និងរាយបន្លាលួស ដោយកងទ័ពថៃនៅក្នុងតំបន់ដែលពួកគេបានកាន់កាប់ ធ្វើឱ្យជនភៀសសឹកកម្ពុជាជាង ៦០.០០០ នាក់ ក្នុងនោះក៏មានស្ត្រី និងក្មេងស្រីផងដែរ មិនអាចវិលត្រឡប់ទៅលំនៅដ្ឋាន និងប្រកបរបរចិញ្ចឹមជីវិតវិញបាន។

នៅក្នុងក្របខណ្ឌនៃការកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ ក្នុងនាមប្រទេសកម្ពុជា ឯកឧត្តម ក៏បានស្នើឱ្យអង្គការ OIF ផ្តល់អាទិភាពលើការបង្កើតគម្រោងជួយជនភៀសសឹកជាស្រ្តីនិងក្មេងស្រី ដើម្បីពង្រឹងភាពធន់ និងស្វ័យភាពសេដ្ឋកិច្ចរបស់ពួកគេផងដែរ។

គួរបញ្ជាក់ថា​ គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ នៅមានពលរដ្ឋភៀសសឹកចំនួន ៦៦ ៦២៨នាក់ ក្នុងនោះមានស្រី្ត ៣៥ ០៩៩នាក់ និងកុមារ ២១ ៩៧១នាក់ ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ ។

ការបន្តរារាំងជនស៊ីវិលកម្ពុជា មិនឱ្យត្រឡប់ចូលទៅកាន់លំនៅឋានវិញបាន ដោយការដាក់ទូរកុងតឺន័រ និងរាយបន្លាលួស គឺផ្ទុយពីសេចក្តីប្រកាសរួម កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលកម្ពុជា និងថៃឯកភាពអនុញ្ញាតឱ្យជនស៊ីវិល រស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន៕

5
Promotion