យុទ្ធនាការផលិតផលជាតិ ឬ MadeInCambodia ជួយឱ្យកសិករចិញ្ចឹមមាន់ខ្មែរ និងបន្លែសុវត្ថិភាព លក់បានច្រើនមិនធ្លាប់មាន

នៅថ្ងៃបើក «យុទ្ធនាការផលិតផលជាតិ ឬ #MadeInCambodia» កសិករចិញ្ចឹមមាន់ខ្មែរ និងបន្លែសុវត្ថិភាពរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច អេមស៍(AIMS) បានបំបែកកំណត់ត្រាការលក់បានយ៉ាងច្រើននៅក្នុងថ្ងៃដំបូងនៃការបើកយុទ្ធនាការ កាលពីពេលថ្មីៗនេះនៅផ្សារទំនើបមួយកន្លែង ក្នុងរាជធានីភ្នំពេញ។

ក្នុងរយៈពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះ ពួកគាត់បានលក់មាន់ខ្មែរអស់ជាង ៥០ក្បាល និងបន្លែសុវត្ថិភាពអស់ជាង ១០០គីឡូក្រាម ដែលបង្ហាញពីការកើនឡើងនូវតម្រូវការខ្ពស់របស់អ្នកប្រើប្រាស់ និងទំនុកចិត្តលើចំណីអាហារដែលផលិតដោយកសិករនៅក្នុងស្រុក។ ការលក់ដាច់យ៉ាងឆាប់រហ័សនេះ ក៏បានបង្ហាញពីសក្តានុពលពាណិជ្ជកម្មនៃផលិតផលកសិកម្មកម្ពុជា និងប្រសិទ្ធភាពរបស់កសិករដែលគាំទ្រដោយគម្រោង អេមស៍ ក្នុងការបំពេញតាមតម្រូវការទីផ្សារផងដែរ។

«យុទ្ធនាការផលិតផលជាតិ ឬ #MadeInCambodia» គឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ ចាប់យកឱកាសលើកកម្ពស់ផលិតផលជាតិ ពោល គឺ ការរៀបចំនេះ ធ្វើទ្បើងក្នុងនិន្នាការដែលមានសន្ទុះកើនទ្បើងយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាភាគច្រើនលើសលុប ផ្តើមងាកមក គាំទ្រ ប្រើប្រាស់ និងផ្តល់តម្លៃដល់ផលិតផលជាតិ។

គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានចាត់ទុកសកម្មភាពលក់ដូរយ៉ាងមមាញឹក និងការចូលរួមយ៉ាងកុះករពីសាធារណជន បង្ហាញពីការកើនឡើងនូវទំនុកចិត្តរបស់ប្រជាពលរដ្ឋលើផលិតផលខ្មែរ និងបង្ហាញពីឱកាសសេដ្ឋកិច្ចដែលកំពុងកើនឡើងយ៉ាងប្រសើរសម្រាប់កសិករ និងអ្នកផលិតក្នុងស្រុក៕

5
Promotion