បទសម្ភាសន៍ផ្ទាល់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមួយសារព័ត៌មានអន្តរជាតិពីរគឺ Reuters និង Fox News ប្រៀបដូចជាភ្លៀងកក់ខែនៅកណ្តាលរដូវប្រាំង ក្រោមហេតុផលពីរយ៉ាង ៖
១. ថ្នាក់ដឹកនាំកំពូលរបស់យើង រហូតដល់ថ្នាក់រដ្ឋមន្ត្រីចៅក្រសួង និងប្រធានស្ថាប័ននានាកម្រផ្ដល់បទសម្ភាសន៍ផ្ទាល់ដល់អ្នកសារព័ត៌មានណាស់។ ម្យ៉ាងទៀត ស្រុកយើងក៏គ្មានការិយាល័យឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មានអន្តរជាតិធំៗប្រចាំនៅស្រុកយើងដែរ ម្ល៉ោះហើយមានរឿងរ៉ាវជាច្រើន សារព័ត៌មានអន្តរជាតិនានា គេយោងប្រភពតែពីភាគីបច្ចាមិត្តយើង។ ដូច្នេះ ការពិតជាច្រើនត្រូវបានបិទបាំង វេចខ្ចប់ ឬកែច្នៃ ក្នុងគោលបំណងសម្អុយឬលាបពណ៌យើងប្រាសចាកពីសច្ចភាព។
២. ភ្លៀងកក់ខែមួយមេនៅកណ្ដាលរដូវប្រាំង មិនអាចធ្វើឱ្យដីសើមជោកជាំបានទេ គ្រាន់តែបានជ្រាបឬសើមតិចតួច ព្រោះដីរបស់យើងហួតហែងយូរមកហើយ និងសម្បូរតែស្ករ ប៊ីចេង អំបិល និងទឹកត្រី។ តែយ៉ាងណា ភ្លៀងកក់ខែមួយមេនេះ អាចផ្តល់សំណើមខ្លះដល់ស្មៅនិងរុក្ខជាតិតូចៗដែលក្រៀមស្វិតយូរមកហើយ។
ក្នុងន័យនេះ យើងត្រូវទទួលស្គាល់ថា ការបង្កើតទំនាក់ទំនងវិជ្ជមានជាមួយសារព័ត៌មានអាជីពធំៗកម្រិតអន្តរជាតិ ពិតជាមានសារៈសំខាន់ណាស់ ហើយកាន់តែសំខាន់ជាងហ្នឹងទៀត គឺការរក្សាគុណតម្លៃនៃព័ត៌មានពិត ដើម្បីកសាងភាពជឿជាក់និងទំនុកចិត្ត។ អារម្មណ៍ដែលត្រូវគេលាបពណ៌ គឺឈឺចាប់ណាស់, អារម្មណ៍ឈឺចាប់នេះហើយ ដែលធ្វើឱ្យយើងយល់កាន់តែច្បាស់ពីអំណាចនៃព័ត៌មានពិត។ ត្រូវចងចាំថា ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតសម្រាប់អ្នកនិយាយកុហក គឺសូម្បីតែនិយាយការពិត ក៏គ្មាននរណាជឿ។
ម្យ៉ាងវិញទៀត ដើម្បីរក្សាភាពរស់រាននៃដែនដីយើង យើងមិនគ្រាន់តែត្រូវការភ្លៀងកក់ខែតែម្តងម្កាលទេ យើងត្រូវតែបង្កើតរដូវវស្សានៅក្នុងរដូវប្រាំង គឺដើម្បីធានាថា យើងមានទឹកខួបប្រាំងខួបវស្សា។ យើងត្រូវតែរៀនពីមេរៀននៃសង្គ្រាមឈ្លានពានលើកនេះតកូនតចៅ។ យើងមិនអាចជីកកប់ប្រវត្តិសាស្ត្រនេះបានជាដាច់ខាត។ ត្រូវចងចាំថា ទណ្ឌកម្មធ្ងន់ធ្ងរបំផុតសម្រាប់អ្នកបំភ្លេចប្រវត្តិសាស្រ្តឬមិនឱ្យកូនចៅរៀនប្រវត្តិសាស្ដ្រ គឺគេដើរជាន់ដានប្រវត្តិសាស្ត្ររហូត៕
ដោយ៖ បណ្ឌិត គិន ភា
