ប្រធានបទក្មេងទំនើង អាចក្លាយជាប្រជាការពារ ដែលមានតួនាទីជាភ្នាក់ងារសន្តិសុខ ភូមិ និងឃុំ ឬសង្កាត់ បានក្លាយជាប្រធានបទពិភាក្សាវែកញែកក្នុងបណ្តាញសង្គមប៉ុន្មានថ្ងៃមកនេះ។
ទស្សនទានដើមអាចជាគោលបំណងល្អ។ ប៉ុន្តែមានហានិភ័យខ្ពស់។
ទស្សនទានល្អ គឺអាចអោយក្រុមក្មេងដែលមិនចុះសម្រុងនឹងសណ្តាប់ធ្លាប់សង្គមចេះសម្របខ្លួននឹងការងារថ្មី និងភ្ញាក់រលឹកចេះជួយសង្គម ជាពិសេសផ្នែកសន្តិសុខមូលដ្ឋាន។
ប៉ុន្តែហានិភ័យ អាចធំធេង និងស្មានមិនដល់។ នោះគឺដរាបណាក្មេងទាំងនេះមិនទាន់កែខ្លួន មិនទាន់ចេះសម្របក្នុងសង្គម មិនទាន់ចេះស្គាល់តម្លៃនៃសណ្តាប់ធ្នាប់រស់នៅក្នុងក្របខណ្ឌច្បាប់ នោះពួកគេនឹងធ្វើការងារតាមទំនើងដែលពួកគេធ្លាប់អនុវត្តកន្លងមកដោយមិនក្រែងរអា។ នៅពេលនោះ ភាពរញ៉េរញ៉ៃនៃសណ្តាប់ធ្នាប់មូលដ្ឋាន នឹងកើនឡើងលើសកម្រិត។ នៅពេលដែលពួកគេមិនទាន់កែខ្លួន នោះពួកគេនៅតែរក្សាគំនិតជាបន និងក្រុមដែលបែកឆ្វេងពីសង្គម។
មានឧទាហរណ៍កន្លងមកដែលភ្នាក់ងារសណ្តាប់ធ្នាប់ប្រើប្រាស់ និងចែកចាយគ្រឿងញៀន (តាមការចុះផ្សាយរបស់សារព័ត៌មានកន្លងមក)។ សំណួរនៅត្រង់ថា តើក្មេងទំនើងអាចមានការជាប់ពាក់ព័ន្ធនឹងថ្នាំហាមឃាត់នេះដែរឬទេ? ចុះបើមានការជាប់ពាក់ព័ន្ធ នោះហានិភ័យនឹងកើនកម្រិតណា? តើនឹងបង្កើនការឈឺក្បាលក្នុងការគ្រប់គ្រងលើពួកគេយ៉ាងដូចម្តេចនៅពេលពួកគេក្លាយជាភ្នាក់ងារសន្តិសុខមូលដ្ឋាន? មានយុវជនមួយចំនួនក្នុងក្រុមក្មេងទំនើងមានទោសជាប់ពន្ធនាគារ តើឥស្សរភាពរបស់ពួកគេអាចអនុញ្ញាតអោយពួកគេក្លាយជាភ្នាក់ងារសន្តិសុខសម្រាប់រាស្ត្រតាមមូលដ្ឋានបានដែរឬទេ?
សរុបមកវិញ នៅមានភាពស្មុគ្រស្មាញច្រើនមុននឹងឈានឋដល់ការសម្រេចចិត្តចុងក្រោយមួយ។
ប៉ុន្តែមធ្យោបាយដែលអាចទាញពួកគេអោយមកកាន់ផ្លូវត្រឹមត្រូវដែលមានអត្ថប្រយោជន៍ និងអាចងាយអនុវត្តជាង គឺតម្រង់ផ្លូវពួកគេអោយចូលក្នុងផ្លូវអភិវឌ្ឍន៍សម្រាប់សហគមន៍ជាបឋម ចូលរួមការងារស្មគ្រ័ចិត្តអោយបានច្រើន អោយពួកគេស្គាល់តម្លៃសេដ្ឋកិច្ច និងតម្លៃសហគមន៍ ការប្រើប្រាស់ជំនាញ។ ហើយជាចុងក្រោយ ពួកគេសមនឹងទទួលបានការលើកទឹកចិត្តបែបណាមួយនាពេលអនាគត អាស្រ័យលើការខិតខំប្រឹងប្រែង និងការតស៊ូ លះបង់ ប្រកបដោយសុឆន្ទៈរបស់ពួកគេ។
សំណេរខាងលើនេះជាទស្សនៈរបស់លោក គង់ សុឋានរិទ្ធ អ្នកសារព័ត៌មានជើងចាស់៕

