គម្រោងយុទ្ធសាស្រ្ត! ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នឹងបើកឱ្យឆ្លងកាត់ចាប់ពីថ្ងៃទី១មេសាតទៅ

ស្ពានមិត្តភាពកម្ពុជា- ចិនមេគង្គក្រចេះ នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ គឺបើកជាអចិន្ត្រៃយ៍តែម្តង។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ សម្រចបាន៩៦,៨៤% ក្នុងនោះស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៤៤% និងការងារផ្លូវមេ និងផ្លូវខ្នែង សម្រេចបាន ៩៩,០៩%។

សូមជម្រាបថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺជាការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជុំជនតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ នៃបណ្តាខេត្តដទៃទៀត៕

5
Promotion