ឯកឧត្តម ប៉ែន បូណា៖ សូមកុំខំលាបពណ៌កម្ពុជា ដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី២០ មិថុនា ឆ្នាំ២០២៥ នេះ បានលើកឡើងថា មន្ត្រីថៃកំពុងព្យាយាមបិទបាំងភាពអាម៉ាស់របស់ខ្លួនដែលបំពានមកលើកម្ពុជា ដោយបានបាញ់សម្លាប់កងទ័ពខ្មែរម្នាក់ក្នុងទឹកដីរបស់កម្ពុជា បានគំរាមកំហែងបង្កសង្គ្រាម ការបិទព្រំដែនជាឯកតោភាគី និងការគំរាមផ្តាច់ភ្លើង ផ្តាច់អ៊ិនធឺណិត ដែលជាអំពើបែបទំនើងនិងមាក់ងាយដល់កម្ពុជា។

ឯកឧត្តម ប៉ែន បូណា បានបន្តថា ជាពិសេសថៃបានបដិសេធមិនព្រមទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមផ្លូវតុលាការជាមួយកម្ពុជានៅឯតុលាការយុត្តិធម៌អន្តរជាតិ។ ទាំងនេះបានធ្វើឱ្យពិភពលោកមើលឃើញថា ថៃជាកូនអាក្រក់ ខណៈដែលកម្ពុជាគឺជាកូនល្អរបស់ពិភពលោកពីព្រោះកម្ពុជាជ្រើសរើសយកសន្តិភាព និងគោរពច្បាប់អន្តរជាតិ។

ដូច្នេះ មន្ត្រីថៃកំពុងខិតខំបិទបាំងរូបភាដ៏អាក្រក់ទាំងនេះដោយព្យាយាមបង្ខូចបង្កាច់កម្ពុជា។ ប៉ុន្តែ ជារឿងឥតប្រយោជន៍ទេពីព្រោះពួកគេមិនអាចយកដៃបិទបាំងព្រះអាទិត្យបានឡើយ។ ឯកឧត្តម ប៉ែន បូណា ក៏ផ្តល់យោបល់ថា រដ្ឋាភិបាលថៃគួរព្យាយាមដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនដែលកំពុងបែកបាក់យ៉ាងខ្លាំងវាប្រសើរជាជាងមកខំនិយាយបង្ខូចឈ្មោះកម្ពុជា។

គួរបញ្ជាក់ថា ការលើកឡើងដោយឆ្លើយតបបែបនេះ ដោយសារតាមចេញផ្សាយរបស់ កាសែតបាងកកប៉ុស្ត ថ្ងៃសុក្រ ទី ២០ មិថុនា ២០២៥។រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល និង សង្គម ( Digital Economy & Society Ministry ) បានចោទកម្ពុជាថាជាជម្រកក្រុមឧក្រិដ្ឋកម្ម Cybercrime ឆ្លងប្រទេសដ៏ធំបំផុតក្នុងពិភពលោក ( World largest hub of transna​tional cybercrime ) ដោយមានការគាំទ្រពីអ្នកដ៏មានឥទ្ធិពលនៅក្នុងស្រុកថែមទៀតផង ៕