លែងនឹកនាសិល្បៈតារាសម្តែអ ប៊ី រីយ៉ា ប្រើជីវិតយ៉ាងសាមញ្ញរកប្រាក់ចិញ្ចឹមកូនស្រី!

ធ្លាប់តែជាតារាសម្តែងល្បីឈ្មោះនិងរកប្រាក់ចំណូលបានច្រើន ប៊ី រីយ៉ា សុខចិត្តប្រើជីវិតយ៉ាងសាមញ្ញរកប្រាក់ចិញ្ចឹមកូនស្រីដោយខ្លួនឯង លែងនឹកនាសិល្បៈដូចពេលមុនទៀតហើយ ។ 

កន្លងមកតារាសម្តែង ប៊ី រីយ៉ា ធ្លាប់បាននិយាយថា នាងនឹងវិលត្រឡប់ចូលសិល្បៈវិញនៅពេលដែលកូនស្រីរបស់នាងធំជាងមុន ដោយឡែកពេលនេះកូនស្រីរបស់នាងក៏ធំជាងមុនដែរ នៅតែពុំឃើញនាងវិលត្រឡប់មកកាន់វិថីសិល្បៈទៀត ផ្ទុយទៅវិញនាងបែរជាចំណាយពេលវេលាជាមួយការងាររកស៊ីជាច្រើនរបស់ខ្លួនទៅវិញ ។ 

បច្ចុប្បន្ននេះ ប៊ី រីយ៉ា មានមុខជំនួញជាច្រើនក្នុងដៃ ទាំងហាងលក់សម្លៀកបំពាក់ ហាងលក់ផលិតផលតាមអនឡាញ និង ថ្មីៗនេះនាងទើបតែបើកហាងកាហ្វេមួយបន្ថែមទៀត ។ ដោយសារតែមានមុខជំនួញជាច្រើននៅក្នុងដៃធ្វើឱ្យនាងលែងនឹកនាសិល្បៈ ។

ជួបជាមួយតារាសម្តែង ប៊ី រីយ៉ា កាលពីពេលថ្មីៗនេះ នាងបានបញ្ជាក់ប្រាប់ផងដែរថា ការងារសិល្បៈនាងនៅតែស្រឡាញ់ បើមានឱកាសនាងនៅតែទទួលការងារថតដូចមុន គ្រាន់តែពេលនេះនាងចង់ផ្តោតទៅលើការងាររកស៊ីច្រើនជាង ពីព្រោះអាជីពសិល្បៈមិនអាចរកប្រាក់ចំណូលបានច្រើនដូចមុនទេ ណាមួយនាងគិតថាខ្លួនចាស់ហើយ មិនអាចប្រកួតប្រជែងជាមួយក្មេងៗជំនាន់ក្រោយៗបានទេ ត្រូវតែរកអាជីវកម្មមួយសម្រាប់ខ្លួនឯង ដែលអាចចិញ្ចឹមខ្លួននិងចិញ្ចឹមកូនឱ្យរស់នៅបានស្រួល ។

ជាមួយនិងការផ្តាច់ខ្លួនឆ្ងាយពីសិល្បៈនេះ មានព័ត៌មានជាច្រើនថា ប៊ី រីយ៉ា បានលែងលះស្វាមីរបស់ខ្លួនអស់ពេលជាច្រើនឆ្នាំហើយ ដូច្នេះហើយទើបគេពុំសូវឃើញនាងបណ្តើរជាមួយស្វាមីទៅណាមកណារួមគ្នា ភាគច្រើននាងទៅតែជាមួយដៃគូស្រីរបស់នាងតែប៉ុណ្ណោះ ៕