ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ បេសកកម្មចូលរួមជួយទៅដល់យុទ្ធជននៅជួរមុខមិនទាន់ចប់ទេ ដរាបណាស្ថានភាពមិនទាន់វិលត្រលប់មកប្រក្រតីវិញ

នៅថ្ងៃទី១១​ មិថុនា​នេះ​ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​បានដឹក​នាំគណៈប្រតិភូ ស.ស.យ.ក និងបណ្តាដៃគូសហការជាង ៣០០​នាក់​ ចុះ​សួរសុខទុក្ខ និង​នាំ​យកអំណោយ ដែលជាការរៃអង្គាសពីចលនាសប្បុរសធម៌​ទូទាំង​ប្រ​ទេស ទៅជូនកងទ័ព​កំពុងឈរជើងនៅជួរមុខ តាមបណ្តោយព្រំដែន​និងគ្រួសារកងទ័ពផងដែរ។ កម្មវិធីនេះ​ ប្រព្រឹត្តទៅនាភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។​

ជាថ្មីម្ដងទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សូមអរគុណដល់បងប្អូនជនរួមជាតិទាំងអស់ចំពោះការចូលរួមចំណែក។ ឯឧត្តមបានគូសបញ្ជាក់ថា «បេសកកម្មរបស់យើងមិនទាន់ចប់ទេ ដរាបណាស្ថានភាពមិនទាន់វិលត្រលប់មកប្រក្រតីវិញ។ យើងនឹងបន្តធ្វើការគៀរគរការចូលរួមពីបងប្អូនប្រជាពលរដ្ឋយើង ដើម្បីបន្ថែមទៅអ្វីដែលនៅសល់នេះធ្វើការចែកជូនជាបន្តបន្ទាប់»។

ឯកឧត្តម បានឲ្យដឹងថា សម្រាប់បងប្អូនដែលមានបំណងក្នុងការចូលរួមជួយទៅដល់យុទ្ធជននៅជួរមុខ ដែលជាការបង្ហាញពីស្មារតីស្នេហាជាតិ បងប្អូនអាចជ្រើសរើសស.ស.យ.ក. ដោយស.ស.យ.ក. នៅតែបន្តស្វាគមន៍នូវរាល់ការចូលរួមនានាពីគ្រប់ទិសទី៕