បើទោះបីជាពេលនេះតារាចម្រៀង ឈិត សុវណ្ណបញ្ញា បានប្រកាសវិលចូលសិល្បៈវិញក្តី នាងនៅតែមិនភ្លេចព្រះធម៌ធម៌ដែលបានធ្វើឱ្យចិត្តនាងស្ងប់អស់ពេលជិត១០ឆ្នាំ ។

តារាចម្រៀង ឈិត សុវណ្ណបញ្ញា បានបោះបង់អាជីពចម្រៀងអស់ជិត១០ឆ្នាំមកហើយ ដោយសារនាងមានបញ្ហាសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរដែលត្រូវការពេលវេលាព្យាបាល ជាញឹកញាប់នាងតែងតែលេចមុខក្នុងឈុតសម្លៀកបំពាក់ពណ៌ តាំងសមាធិឱ្យចិត្តស្ងប់ ឬកាន់សីល៥ ដូចដែលមហាជនបានឃើញនាពេលកន្លងមក ។
ជុំវិញការវិលត្រឡប់មកជាន់ឆាកតន្រ្តីជាថ្មីម្តងទៀតរបស់តារាចម្រៀងវ័យ៣៧ឆ្នាំ ឈិត សុវណ្ណបញ្ញានៅតែទទួលបានការគាំទ្រច្រើនពីមហាជន រហូតនាងបានវិឌ្ឍន៍ទៅច្រៀងនៅលើឆាកតន្រ្តីផង ច្រៀងតាមភោជនីយដ្ឋានផង និងចេញច្រៀងការផងដែរ ដែលកំពុងធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ។
ឈិត សុវណ្ណបញ្ញា បាននិយាយថា អាជីពចម្រៀងនាងនៅតែស្រឡាញ់ បើមានឱកាសនាងនៅតែបន្ត ទោះប្រាក់ចំណូលមិនសូវបានច្រើនក្តី តែក្តីស្រឡាញ់ចំពោះសិល្បៈនាងនៅតែមាន ។ ថ្មីៗនេះក្រៅពីធ្វើបទចម្រៀងថ្មី នាងក៏បានទៅច្រៀងក្នុងពិធីមង្គលការនិងជប់លៀងនានា ជាពិសេសនាងកំពុងសាកល្បងច្រៀងភ្លេងការផងដែរ ដើម្បីបង្កើនការងារ ។
ឈិត សុវណ្ណបញ្ញា ងាកទៅចាប់អាជីពចម្រៀងបុរាណបន្ថែមទៀត គឺដើម្បីតេស្តមើលសមត្ថភាពរបស់ខ្លួន ក្នុងនាមជាតារាចម្រៀងអាជីពល្បីឈ្មោះមួយរូប នាងក៏អាចបត់បែនបានគ្រប់ទម្រង់ផងដែរ ទាំងភ្លេចការ បុរាណ និងសម័យ ។
គួរបញ្ជាក់ផងដែរថា តារាចម្រៀងវ័យ៣៧ឆ្នាំ ឈិត សុវណ្ណបញ្ញា មានទ្រព្យសម្បត្តិរាប់មិនអស់ ទាំងផ្ទះ វីឡាប្រណិតៗ និងរថយន្តទំនើបដែលមានតម្លៃថ្លៃ ទោះមិនប្រកបអាជីពចម្រៀងក៏ជីវិតនាងរស់នៅសុខស្រួលដែរ ។ ប៉ុន្តែការវិលត្រឡប់មកកាន់អាជីពក្បាលមេក្រូឡើងវិញនេះគឺគ្រាន់តែដើម្បីកម្សាន្តអារម្មណ៍ប៉ុណ្ណោះ ពីព្រោះនាងមិនចង់សំងំនៅម្នាក់ឯងដូចមុន ៕




