អ៊ីរ៉ង់​និយាយ​ថា គ្មាន​កិច្ចចរចា​នុយក្លេអ៊ែរ ​ក្រោម​ការ​បាញ់​របស់​អ៊ីស្រាអែល នោះឡើយ

អ៊ីរ៉ង់បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួននឹងមិនពិភាក្សាអំពីអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ស្របពេលដែលស្ថិតក្រោមការវាយប្រហារដោយអ៊ីស្រាអែល ខណៈដែលអឺរ៉ុបបានព្យាយាមបង្រួបបង្រួមទីក្រុងតេអេរ៉ង់ឱ្យចូលទៅក្នុងការចរចា ហើយសហរដ្ឋអាមេរិកកំពុងពិចារណាថា តើត្រូវចូលរួមក្នុងជម្លោះដែរ ឬទេ។

មួយសប្តាហ៍បន្ទាប់ពីវាបានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារថ្មីលើគោលដៅយោធារាប់សិបកន្លែង រួមទាំងទីតាំងផលិតមីស៊ីល និងអង្គការស្រាវជ្រាវដែលពាក់ព័ន្ធនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរក្នុងទីក្រុងតេអេរ៉ង់។

សារព័ត៌មាន Rueters ផ្សាយថា អ៊ីរ៉ង់​បាន​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីល​ថ្មី​​មួយ​ដើម​នៅ​ព្រឹក​ថ្ងៃ​សុក្រ ដោយ​វាយ​ប្រហារ​ក្បែរ​ផ្ទះ​ល្វែង អគារ​ការិយាល័យ និង​កន្លែង​ឧស្សាហកម្ម​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង Beersheba។

សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតី Donald Trump នឹងសម្រេចចិត្តលើ “ថាតើត្រូវទៅ ឬអត់” ជាមួយនឹងការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះក្នុងរយៈពេលពីរសប្តាហ៍ខាងមុខដោយលើកឡើងពីលទ្ធភាពនៃការចរចាពាក់ព័ន្ធនឹងអ៊ីរ៉ង់នាពេលអនាគតដ៏ខ្លី។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi និយាយកាលពីថ្ងៃសុក្រថា មិនមានកន្លែងសម្រាប់ការចរចាជាមួយសម្ព័ន្ធមិត្តមហាអំណាចរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក “រហូតដល់ការឈ្លានពានរបស់អ៊ីស្រាអែលបញ្ឈប់” ។ ប៉ុន្តែលោកគ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអឺរ៉ុបនៅទីក្រុងហ្សឺណែវ សម្រាប់ការពិភាក្សាដែលអឺរ៉ុបសង្ឃឹមថានឹងបង្កើតផ្លូវត្រឡប់ទៅការទូតជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕