«បើកតែបិទ»! លោកបណ្ឌិត ទូច សុខៈ ចាត់ទុកជាល្បិចស្មោកគ្រោកថ្មីរបស់ថៃដែលមិនចេះអៀនខ្លួន ក្នុងស្ថានភាពត្រដរខ្យល់រកកល់នឹងរំលំដួលរដ្ឋាភិបាលដែលរងសម្ពាធជុំទិស

លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចាត់ទុកទង្វើរបស់ភាគីថៃ ដែលធ្វើជាបើកទ្វារតាមច្រកព្រំដែន តែមិនឱ្យមានការឆ្លងកាត់ជាធម្មតា ជាល្បិចស្មោកគ្រោកថ្មីដែលមិនចេះអៀនខ្លួន ក្នុងស្ថានភាពត្រដរខ្យល់រកកល់នឹងរំលំដួលរដ្ឋាភិបាលដែលរងសម្ពាធជុំទិស។

តាមរយៈសារជាចំហជូនទៅប្រទេសថៃ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោកបណ្ឌិត បានសរសេររៀបរាប់ដូចខាងក្រោម៖ 

ខ្ញុំពិតជាមិនសរសើរមិនបាន ដែលថៃត្រូវពិភពលោកស្គាល់ថាជាប្រទេសសម្បូរល្បិច។ ពេលនេះ ខ្ញុំកាត់តែភ្លឺភ្នែក និងសូមសរសើររាល់ភាពប៉ិនប្រសព្វក្នុងការរាបល្បិចកិច្ចកលពិសពល់។ ជាក់ស្ដែង ថៃបានបង្កើតល្បិចថ្មីមួយទៀតគឺ«បើកតែបិទ» ពោលគឺ ធ្វើជាបើកទ្វារតាមច្រកព្រំដែន តែមិនឱ្យមានការឆ្លងកាត់ជាធម្មតាជាប្រក្រតីជាទូទៅដូចកាលពីដើម។ សូមសរសើរចេះរកនឹកឃើញ! 

តែសូមពិចារណាមើលថា បើបើកតែទ្វារច្រក តែមិនឱ្យមនុស្សឆ្លងកាត់ជាសាធារណៈ ជាធម្មតា ជាប្រក្រតី ជាទូទៅដូចកាលមុនខ្លួនបិទដោយឯកតោភាគីនោះ តើនេះជាចរិតមនុស្សអី ឬជារ៉ូបូត? 

ខ្ញុំចាត់ទុកថា ជាល្បិចស្មោកគ្រោកថ្មីរបស់ថៃដែលមិនចេះអៀនខ្លួន ក្នុងស្ថានភាពត្រដរខ្យល់រកកល់នឹងរំលំដួលរដ្ឋាភិបាលដែលរងសម្ពាធជុំទិសពីមហាជនអាវលឿង យុវជនជាបញ្ញវន្ត បណ្ដាបក្សនយោបាយនានា ពិសេសពីយោធាដែលមើលឃើញថារដ្ឋាភិបាលថៃបច្ចុប្បន្នគ្មានសមត្ថិភាពដឹកនាំគ្រប់គ្រងប្រទេសធ្វើឱ្យបាក់មុខមាត់លើឆាកអន្តរជាតិនោះ។ 

ខ្ញុំជឿថា គ្មាននរណាម្នាក់គេមិនដឹងអំពីមហិច្ឆតាខុសតម្រា ដែលថៃកំពុងលេងល្បិចថ្មីដោយចេតនាទុច្ចរិតនេះ ដោយ ធ្វើជាបើកទ្វារច្រកយ៉ាងកម្សត់ តែមិនឱ្យមានការឆ្លងកាត់ជាទូទៅ ដោយថតរូបភាពផ្សព្វផ្សាយតាមបណ្ដាញព័ត៌មាន បំភាន់សាធារណមតិជាតិខ្លួន និងអន្តរជាតិ ដើម្បីទម្លាក់បន្ទុកមកខាងកម្ពុជាថា បិទច្រកព្រំដែនតែម្ខាង មិនបើកទៅវិញនោះ។ អស់សំណើច! 

រឿងបិទច្រកតាមទំនើងរបស់ខ្លួននេះ ទំាងប្រជាជនថៃខ្លួនឯងក៏បានដឹងនិងចូលរួមផ្សព្វផ្សាយយ៉ាងផុលផុសទាំងក្នុងនិងក្រៅប្រទេស ទាំងខឹងសម្បាររិះគន់ថ្កោលទោសតវ៉ាប្រឆាំង ព្រោះតែខាតប្រយោជន៍យ៉ាងសម្បើមរបស់ប្រជាជនថៃ ហើយពិភពលោកទាំងមូលក៏បានដឹងនិងស្គាល់មារយាទថៃច្បាស់ជាងថ្ងៃទៅទៀតផង។ ទង្វើថៃបែបនេះវាកាន់តែជាកំណត់ត្រាបញ្ចូលក្នុងសំណុំរឿងថ្កោលទោសនិងដាក់បន្ទុកផ្លូវច្បាប់លើថៃទៅវិញទេ។ 

ខ្ញុំនិយាយម្ដងទៀត បើថៃពិតមានសុចរិតភាព និងសេចក្ដីក្លាហានមែន មិនមែនត្រដខ្យល់ទាក់ទងតាមទូរស័ព្ទមកថ្នាក់ដឹកនាំកម្ពុជា ស្នើឱ្យមានការជួបជែកគ្នាឬចរចារដើម្បីបើកច្រក ដែលខ្លួនបិទតែឯងនោះទេ។ យល់! លើសពីនេះ បើថៃចិត្តសឿងជាកូនប្រុសជាប្រទេសស៊ីវិល័យដើរច្រាសទិសច្បាប់អន្តរជាតិ ចង់បើកច្រកទាំងអស់ជាផ្លូវការដូចដើមមែនវិញនោះ ថៃត្រូវចេញលិខិតប្រកាសនិរាករណ៍សេចក្ដីសម្រេចមុនៗ ដើម្បីបើកជាចំហ និង/ឬថ្លែងជាសាធារណៈបញ្ជាក់ទឹកចិត្តស្មោះដល់ភាគីកម្ពុជា និងពិភពលោកឱ្យដឹងថា ខ្លួនព្រមបើកច្រកដំណើរការដូចដើមទាំងស្រុងឡើងវិញ ដោយកុំបន្តអូសក្រឡា ឬរកកន្លែងចុះចត ដើម្បីគេចវេសពីភាពអាម៉ាសរបស់ខ្លួន ដែលពេលនេះ ខ្លួនភ្ញាក់ដឹងខ្លួនដូចខ្មោច៧ថ្ងៃនោះ។ សូមអ្នកជិតខាង កុំព្យាយាមទាញកម្ពុជាទៅជជែកឬចរចាររឿងបើក។ អ្វីដែលកម្ពុជាជួយបាននឹងជួយ។ តែសូមស្គាល់ថ្នាក់ដឹកនាំកម្ពុជាផង! ហ៊ានទេ? បើកទៅ ហ៊ានស៊ីហ៊ានសង កុំខ្លាចអន់ ព្រោះល្បែងនយោបាយវាអ្នកប្រើបែបនេះក្នុងកាលៈទេសៈបងប្អូនកំពុងឈ្លក់ទឹកហ្នឹង។ ហ៊ានទទួលខុស ហ៊ានទទួលត្រូវ ក្នុងនាមអ្នកនយោបាយដែលអួតថាមានវិជ្ជាជីវៈ ហើយចោទគេឯងថាគ្មានវិជ្ជាជីវៈនោះ។ កែខ្លួនទៅ ក្រែងអាណត្តិក្រោយអាចមានសម្លេងក្នុងសភានឹងគេទៀត។

សូមបញ្ជាក់ឡើងវិញ កុំបើកចំហតែទ្វារ ដើម្បីបង្ហាញរូបភាពបង្អួតបំភាន់ ដោយស្មានតែអន្តរជាតិមិនដឹង។ ជារួម កុំបើកចំហតែទ្វារ តែបិទមិនឱ្យមានការចេញចូលឆ្លងកាត់ជាទូទៅ ជាធម្មតា ជាប្រក្រតីដូចកាលពីដើមនោះ។ នេះហៅថា«បើកតែបិទ» ក្នុងឧបាយកលពិសពល់ ខុសពីសារធាតុជាមនុស្ស ស្មានតែពិភពលោកមិនស្គាល់ចរិតខ្លួនមែនទេ! សូម្បីតែក្មេងមតមតេយ្យក៏ស្គាល់មារយាទចចករបស់អស់លោកដែរ។ ឈប់បានឈប់ទៅ! កុំព្យាយាមបង្កើតប្រធានបទទប់កៅអីខ្លួន។ ទប់មិនជាប់ទេធន់ៗហ្នឹងអីនោះ!