បន្លំ! កញ្ចប់អង្ករមានរូបទង់ជាតិ និងអក្សរថៃ លក់នៅលើទីផ្សារចិន មិនមែនជាអង្កររបស់កម្ពុជាឡើយ

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ថ្មីៗ នេះមានការបង្ហោះព័ត៌មានស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។

ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតលើសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ដែលបាននាំចេញអង្ករទៅប្រទេសចិន និងបានសហការជាមួយក្រុមហ៊ុនត្រួតពិនិត្យគុណភាពនាំចេញរបស់ប្រទេសចិន CCIC (Cambodia) Co., Ltd. សហព័ន្ធស្រូវអង្ករកម្ពុជា សូមបញ្ចាក់ថា កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវដែលមានទម្ងន់ ២៥គីឡូក្រាម និង ៥០គីឡូក្រាម។

សហព័ន្ធស្រូវអង្ករកម្ពុជា បដិសេធទាំងស្រុងចំពោះសម្បកវេចខ្ចប់អង្ករដែលមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ។ ប្រទេសកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងច្បាប់ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ដែលបានហាមឃាត់លើការប្រើប្រាស់និមិត្តសញ្ញាដែលដូច ឬ ស្រដៀង ឬ មានផ្នែកណាមួយដូចទៅនឹងទង់ជាតិរបស់ប្រទេស នានា នៅលើពិភពលោក៕