៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ មានរយៈពេលឆ្នាំ៧៤ឆ្នាំហើយ ដែលប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ថា យូណេស្កូ ។
ក្នុងឳកាសខួបលើកទី៧៤ នៃការចូលជាសមាជិកអង្គការយូណេស្កូ នៅលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៧ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា ។
ដោយក្នុងនោះរួមមាន បេតិកភណ្ឌរូបីនៃមនុស្សជាតិ មានដូចជា តំបន់រមណីយដ្ឋានអង្គរ ,ប្រាសាទព្រះវិហារ ,តំបន់ប្រាសាទសំបូរព្រៃគុក និងរមណីយដ្ឋានប្រាសាទកោះកេរ ។ រីឯបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ មានដូចជា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្តែត គុនល្បុក្កតោ និងក្រមាខ្មែរ។ ដោយឡែក បញ្ជីស្មារតីចងចាំនៃពិភពលោក មានដូចជា បណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ,ឯកសារសំឡេងនិទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ និងរឿងអ៉ីណាវ បុស្សិបា ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចូលរួមបង្ហោះសារអបអរសាទរខួប៧៤ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ នេះដែរ ដោយសម្តចតេជោ បានលើកឡើងថា ថ្ងៃនេះគឺជាខួប៧៤ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ (៣ កក្កដា ១៩៥១-៣ កក្កដា ២០២៥) ដែលអង្គការយូណេស្កូ គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ មានបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។
សម្តចតេជោ បន្តថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី,សម្បតិ្តបេតិកភណ្ឌអរូបី និងបញ្ជីស្មារតីចងចាំនៃពិភពលោកជាបន្តបន្ទាប់ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ។
គួរបញ្ជាក់ថា កម្ពុជា បានចូលជាសមាជិករបស់អង្គការយូណេស្កូ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៥១ គិតមកដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ គឺមានរយៈពេល៧៤ឆ្នាំ។ ការិយាល័យអង្គការយូណេស្កូ នៅរាជធានីភ្នំពេញ ត្រូវបានបើកឡើងវិញនៅឆ្នាំ១៩៩១ ៕
អត្ថបទ៖ ពុទ្ធិកា
