កម្លាំងមួកខៀវកម្ពុជា បញ្ចប់បេសកកម្មវិស្វកម្ម និងកម្ទេចគ្រាប់បែកយ៉ាងជោគជ័យនៅអាហ្វ្រិកកណ្តាល

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិប្រចាំបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានអរគុណដល់កម្លាំងមួកខៀវកម្ពុជា មានចំនួន២៤៤នាក់ ក្នុងនោះមានកម្លាំងនារី ៣៦នាក់ ដែលជាកងលើកទី១០ ដែលបានបំពេញការងារលើជំនាញវិស្វកម្ម និងកម្ទេចគ្រាប់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នៅលើបណ្តាញសង្គមនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម ខៀវ កាញារីទ្ធ បន្តថា កងកម្លាំងវិស្វកម្មមួកខៀវកម្ពុជា បានបំពេញការងារដោយជោគជ័យ ដូចជាការថែទាំ និងជួសជុលផ្លូវថ្នល់ ស្ពាន និងផ្លូវរត់ជាច្រើននៅ Bria, Sam-Ouandja (Upper Kotto), Zangba និង Mobaye (Lower Kotto); និងការងារមនុស្សធម៌ និងការ កម្ទេច គ្រឿងផ្ទុះជាច្រើនគ្រាប់ ដោយមានការសម្របសម្រួល ជាមួយ អាជ្ញាធរទទួលបន្ទុក DDR និងតួអង្គក្នុងតំបន់ផ្សេងទៀត។ កងអនុសេនាធំវិស្វកម្មពហុជំនាញ ខាងលើនេះ នឹងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២៥ខាងមុខនេះ។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០៦ មកដល់ដើមឆ្នាំ២០២៥ កម្ពុជាបានចូលរួមបញ្ជូនកងកម្លាំងទៅបំពេញប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សរុបចំនួនជាង៩០០០នាក់ នៅក្នុងប្រទេសចំនួន១០ ដូចជា សាធារណរដ្ឋស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ម៉ាលី យ៉េមែន សាយប្រឺស ស៊ីរី និងសាធារណរដ្ឋកុងហ្គោ។

ជំនាញរបស់កងកម្លាំងទ័ពមួកខៀវកម្ពុជា នៅតំបន់បេសកកម្ម រួមមាន ជំនាញបោសសំអាតមីន, កម្ទេចគ្រឿងផ្ទុះ, ប្រឆាំង-បន្សាបគ្រឿងផ្ទុះកែច្នៃ, កងរាជអាវុធហត្ថ, វិស្វកម្មពហុ ជំនាញ, នាយទាហានសេនាធិការ និងសង្កេតការណ៍យោធាជាដើម៕

អត្ថបទ៖ ផុន លីហ្សា