កម្ពុជា អបអរខួបលើកទី៧៤ នៃការចូលជាសមាជិកអង្គការយូណេស្កូ

៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ មានរយៈពេលឆ្នាំ៧៤ឆ្នាំហើយ ដែលប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការ​អប់​រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ ហៅកាត់ថា យូណេស្កូ ។

ក្នុងឳកាសខួបលើកទី៧៤ នៃការចូលជាសមាជិកអង្គការយូណេស្កូ នៅលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៧ និងបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា ។

ដោយក្នុងនោះរួមមាន បេតិកភណ្ឌរូបីនៃមនុស្សជាតិ មានដូចជា តំបន់រមណីយដ្ឋាន​អង្គរ ,ប្រាសាទ​ព្រះវិហារ ,តំបន់ប្រាសាទ​សំបូរ​ព្រៃគុក​ និងរមណីយដ្ឋានប្រាសាទកោះកេរ ។ រីឯបេតិ​កភណ្ឌ​វប្បធម៌​អរូបីនៃ​មនុស្ស​ជាតិ មានដូចជា របាំ​ព្រះ​រាជ​ទ្រព្យ​ ​ ល្ខោន​ស្រមោល​ស្បែក​ធំ​ ល្បែង​ទាញ​ព្រ័ត្រ​ ​ចាប៉ី​ដង​វែង​ ល្ខោន​ខោលវត្តស្វាយអណ្តែត​ គុន​ល្បុក្កតោ​ និងក្រមាខ្មែរ។ ដោយឡែក បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក មានដូចជា បណ្ណាសារឧក្រិដ្ឋ​កម្ម​ ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ ,ឯកសារ​សំឡេង​និទាន​រឿង​រាមកេរ្ដិ៍ ដោយ​តាគ្រុឌ និងរឿង​អ៉ីណាវ បុស្សិបា ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចូលរួមបង្ហោះសារអបអរសាទរខួប៧៤ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ នេះដែរ ដោយសម្តចតេជោ បានលើកឡើងថា ថ្ងៃនេះគឺជាខួប៧៤ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ (៣ កក្កដា ១៩៥១-៣ កក្កដា ២០២៥) ដែលអង្គការយូណេស្កូ គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ មានបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។

សម្តចតេជោ បន្តថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី,សម្បតិ្តបេតិកភណ្ឌអរូបី និងបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោកជាបន្តបន្ទាប់ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ។

គួរបញ្ជាក់ថា កម្ពុជា បានចូលជាសមាជិករបស់អង្គការយូណេស្កូ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៥១  គិតមកដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ គឺមានរយៈពេល៧៤ឆ្នាំ។ ការិយាល័យអង្គការយូណេស្កូ នៅរាជធានីភ្នំពេញ ត្រូវបានបើកឡើងវិញនៅឆ្នាំ១៩៩១ ៕

អត្ថបទ៖ ពុទ្ធិកា