អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ថាហ្មដំរីឡាក់គីនៅភ្នំតាម៉ៅ លាលែងពីការងារដោយស្ម័គ្រចិត្តខ្លួនឯង

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់ថា លោក ទ្រី ស៊ីថេង ដែលជាអ្នកមើលថែដំរីឡាក់គី នៅភ្នំតាម៉ៅ បានដាក់លិខិតលាលែងពីការងារដោយស្ម័គ្រចិត្ត ខ្លួនឯង ពោលគឺលោក ទ្រី ស៊ីថេង មិនត្រូវបានគេបញ្ឈប់ ឬក៏ស្នើសុំឱ្យលាលែងពីការងារនោះឡើយ។

គួរម្លឹកថា មហាជនលើបណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះការអាណិតអាសូរ និងក្តុកក្តួល នៅពេលបានឃើញវីដែអូដែលដំរីឈ្មោះ ឡាក់គី (Lucky) បានរត់តាមបណ្ដើរ ស្រែកបណ្ដើរ ជាមួយនឹងទឹកភ្នែកហើយរត់ទៅស្ទាក់ផ្លូវលោក ទ្រី ស៊ីថេង ដែលជាអ្នកមើលថែទាំ ដើម្បីកុំឲ្យទៅចោលខ្លួន។

តាមសេចក្តីថ្លែងការណ៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជាក់ទៀតថា លោក ទ្រី ស៊ីថេង មិនមែនជាអ្នកមើលថែឡាក់គីតែម្នាក់ឯងនោះទេ។ ការពាក់ព័ន្ធរបស់លោក ចំពោះឡាក់គី មួយរយៈ ចុងក្រោយនេះ គឺក្នុងគោលបំណងដើម្បីថតជាវីដេអូដើម្បីផ្សព្វផ្សាយ។ ការផ្តល់ចំណីដល់ឡាក់គី ការថែទាំ និងការដាក់ឱ្យឡាក់គីលេង គឺក្រុមការងារផ្នែកថែទាំសត្វបានផ្តល់ និងបន្តផ្តល់ក្រោមការមើលថែ តាមបែបវេជ្ជសាស្ត្រជាប្រចាំ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបង្ហាញការសោកស្តាយដែលឡាក់គី ត្រូវគេយកចេញពីទ្រុង ដើម្បីថតផ្សព្វផ្សាយ ជាវីដេអូបង្ហោះចូលក្នុងបណ្តាញសង្គមជាលក្ខណៈផ្ទាល់ខ្លួនដោយមិនគិតពី សុខុមាលភាពរបស់ឡាក់គី។ នៅភ្នំតាម៉ៅ ការផ្តល់ចំណី និងការថែទាំសត្វ មិនថាសត្វដំរី ឬសត្វផ្សេងៗទៀតនោះទេ គឺនៅតែបន្តផ្តល់ និងថែទាំជាប្រចាំតាមធម្មតា។

បច្ចុប្បន្ននេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃចំណាយប្រាក់ជាង ១៥,០០០ ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែ សម្រាប់តែចំណីសត្វប៉ុណ្ណោះនៅភ្នំតាម៉ៅ ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃប្តេជ្ញាចិត្តរក្សាសុខុមាលភាពរបស់សត្វដំរីទាំងអស់ដែលកំពុងរស់នៅភ្នំតាម៉ៅ ដោយធ្វើការសហការជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាមួយគ្នានេះ ក្រោយឃើញវីដេអូរបស់ដំរី ឈ្មោះ ឡាក់គី និងលោក ទ្រី ស៊ីថេង និងបានជ្រាបពីករណីលាលែងពីការងាររបស់លោករួចមក, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងទទួលជួបជាមួយលោក ទ្រី ស៊ីថេង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ។

រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក៏បានបញ្ជាក់កាលពីថ្ងៃទី១ កក្កដា ដែរថាលោក ទ្រី ស៊ីថេង ជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) មិនមែនជា មន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្ត្រីជាប់កិច្ចសន្យាបម្រើការងារក្នុងអង្គភាពរដ្ឋបាលព្រៃឈើនោះឡើយ។

លោក ទ្រី ស៊ីថេង ត្រូវ បានអង្គការសម្ព័ន្ធមិត្តសត្វព្រៃបញ្ជូនមកបំពេញការងារជាសមភាគីជាមួយឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ដែលត្រូវបានលាឈប់ពីការងារចាប់ពីខែកក្កដា ឆ្នាំ២០២៥ តទៅ។ ការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង ជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋបាលព្រៃឈើ ឬ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ៕

អត្ថបទ៖ ពុទ្ធិកា