ក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយព្រះមហាក្សត្រ ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ អាចធ្វើទៅបាន

ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពឯកឧត្តម ហ៉ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ ពិភាក្សា និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិចំពោះព្រះរាជសារចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះ មតិក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។

ជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញក្រាបបង្គំទូលថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា អាចធ្វើទៅបាន។

គួរបញ្ជាក់ថា ការរៀបចំវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាការផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើរាជរដ្ឋាភិបាលកម្ពុជាសិក្សាទិដ្ឋភាពច្បាប់ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលបំណងដកហូតសញ្ជាតិខ្មែរ ពីគ្រប់ជនទាំងឡាយណា ដែលឃុបឃិតជាមួយបរទេស និងធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិខ្មែរ ដែលសម្តេចតេជោ បានថ្លែងកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នាឱកាសជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក នៃខេត្តព្រះវិហារ។

ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ទាំងក្នុង និងក្រៅប្រទេស បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីធានាឱ្យបានច្បាស់ និងម៉ឺងម៉ាត់ថា ជនជាតិខ្មែរគ្រប់រូប មិនថាជនជាតិខ្មែរពីកំណើត ឬជនទទួលបាន សញ្ជាតិខ្មែរនោះទេ គឺត្រូវតែមានកាតព្វកិច្ចការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយរាល់សកម្មភាព ឃុបឃិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិ គឺជាទង្វើក្បត់ជាតិ ដែលត្រូវតែធ្វើការដកហូតសញ្ជាតិខ្មែរ និងផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរទៅតាមច្បាប់ជាធរមាន៕