ឯកឧត្តម គឹម សនិ្តភាព នាព្រឹកថ្ងៃទី០៣ ខែកក្កដានេះ បានបង្ហោះឯកសារច្បាប់មួយស្ដីពីការបាត់សញ្ជាតិខ្មែរ និងជាច្បាប់ត្រូវបានដែលរដ្ឋសភាអនុម័តលើកដំបូងនៅថ្ងៃទី២៤ខែកក្កដាឆ្នាំ១៩៦៨ហើយបានប្រកាសឲ្យអនុវត្តជាផ្លូវការចាប់ពីពេលនោះមក។

ច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ឆ្នាំ១៩៦៨ មានចែងសេចក្តីដូចតទៅ :
មាត្រា១ ៖ អាចបាត់សញ្ជាតិខ្មែរ, ខ្មែរណាដែលតុលាការបានកាត់ទោសយ៉ាងតិចត្រឹមទោសឧក្រិដ្ឋថ្នាក់ទី១ ពី បទវិទ្ធង្សនា ក្បត់ជាតិប្រទូសរ៉ាយនឹងការសុខសាន្តខាងក្នុង ឬខាងក្រៅរដ្ឋ។
មាត្រា២៖ តុលាការជាតិមានសមត្ថកិច្ចជាពិសេសសម្រេចរឿងនេះទោះបទល្មើស បានប្រព្រឹត្តទៅខាងក្រៅប្រទេសកម្ពុជាក៏ដោយ ។
មាត្រា៣៖ តាមបណ្ដឹងពីអយ្យកាតុលាការដែលជំនុំជំរះរឿងនេះអាចសម្រេច ដកសញ្ញាតិខ្មែរជាបរិវាហនុទោសនៃមូលទោសបាន ។
មាត្រា៤៖ ព្រះមហាក្សត្រអាចប្រទានសញ្ញាតិខ្មែរមកជនដែលបាត់សញ្ញាតិ វិញបាន តាមពាក្យសុំពីសាមីខ្លួន ឬពីអ្នកដែលមានសិទ្ធិត្រឹមត្រូវក្រោយពីមានសេចក្តីស្នើ ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
មាត្រា ៥ ៖ ច្បាប់នេះត្រូវប្រកាសទុកជាការប្រញាប់ ។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី២៧ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិតស្នើដល់រាជរដ្ឋាភិបាលសិក្សាទិដ្ឋភាពច្បាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយដែលឃុបឃិតជាមួយបរទេសធ្វើសកម្មភាពប្រឆាំងនឹងផល ប្រយោជន៍ជាតិ។
បន្ថែមពីនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានទូលថ្វាយព្រះមហាក្សត្រ ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញផងដែរ៕
ដោយ៖ ផុន លីហ្សា



