ឯកឧត្តម ហេង រតនា៖ យុទ្ធសាស្ត្រ«ពហុតួអង្គសហការ» គឺជាគន្លឹះចាំបាច់ក្នុងការងារជាមួយសត្វ ប្រកបដោយនិរន្តរភាព

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបង្ហោះលើហ្វេសប៊ុក នាថ្ងៃទី៣ ខែកក្កដា នេះ បានចែករំលែកបទពិសោធន៍ជាក់ស្តែង ក្នុងអំឡុងពេលហ្វឹកហ្វឺនសត្វសុនខ និងសត្វកណ្តុរហិតមីននិងជាតិផ្ទុះ ដោយបានលើកឡើង អំពីបញ្ហាសំខាន់មួយចំនួន ដែលអង្គភាពកំពុងប្រឈមគឺ «ជម្ងឺតួឯក» នៅក្នុងការបំពេញប្រតិបត្តិការ។

ឯកឧត្តម ហេង រតនា បានលើកឡើងថា អ្នកកាន់សុនខ ឬអ្នកកាន់កណ្តុរ គឺត្រូវមានមនោសញ្ចេតនាល្អជាមួយគ្នា ជា​ពិ​សេស​​សត្វសុនខ មានមនោសញ្ចេតនា យល់ដឹង ស្គាល់ ចំណាំ មិនត្រឹមតែរូបរាងកាយប៉ុណ្ណោះទេ សូម្បីតែសូរសព្ទ័ សំឡេង ក្លិន ពណ៌ វត្ថុប្រេីប្រាស់ ក៏ចងចាំចំណាំច្បាស់លាស់ដែរ។

ឯកឧត្តម ហេង រតនា បញ្ជាក់ថា «ជម្ងឺតួឯក » ក្នុងការងារគ្រប់គ្រងកិច្ចប្រតិបតិ្តការ សុនខ ដំបូងឡេីយអង្គភាពសុីម៉ាក់ ហ្វឹកហ្វឺនសុនខមួយក្បាល ជាមួយអ្នកកាន់សុនខម្នាក់គត់ ។ មានន័យថាអ្នកកាន់សុនខនោះអាចធ្វេីការងារតែជាមួយ​សុនខមួយក្បាលគត់ ហេីយសុនខមួយក្បាលនោះក៏អាចធ្វេីការងារស្តាប់បង្គាប់ តែជាមួយអ្នកកាន់សុនខម្នាក់គត់ដែរ។

សបញ្ជាក់ថា នេះជាហានិភ័យធ្ងន់ធ្ងរ សម្រាប់កិច្ចប្រតិបត្តិការ ព្រោះថាករណីសុនខមួយក្បាលណាមួយបាត់បង់មិនអាចបម្រេីការងារបាន នោះអ្នកកាន់សុនខគ្មានសុនខជាដៃគូប្រតិបត្តិការទេ ហេីយត្រូវការចំណាយពេលវេលារង់ចាំយូរក្នុងផ្សំផ្គុំនិងហ្វឹកហ្វឺនជាមួយសុនខថ្មីទៀត ។

ក្រៅពីនេះ ករណី អ្នកកាន់សុនខ ណាម្នាក់ ឈប់សម្រាក ឬលាឈប់ពីការងារនោះ សុនខនោះត្រូវរង់ចាំពេលវេលាយូរដែរ ដេីម្បីផ្សំផ្គុំជាមួយអ្នកកាន់សុនខថ្មីម្នាក់ទៀតដែរ ។ ការណ៍នេះហៅថាជម្ងឺតួឯក ។

ដោយឡែក ចំពោះមនោសញ្ចេតនា រវាងអ្នកកាន់សុនខនិងសុនខ ពួកគេស្រលាញ់អាណិតនិងស្តាប់បង្គាប់គ្នាណាស់ មានករណីជាច្រេីនដែលអ្នកកាន់សុនខអង្គភាពសុីម៉ាក់ យំសង្វេតពេលដែលសុនខរបស់គេបាត់បង់ជីវិត ឬដាក់ឱ្យចូលនិវត្តន៍ មានអ្នកកាន់សុនខខ្លះនិមន្តព្រះសង្ឃធ្វេីបុណ្យនិងបញ្ចុះសពឱ្យទៀតផង។

ឯកឧត្តម ហេង រតនា សង្កត់ធ្ងន់ថា ដំណោះស្រាយក្នុងការគ្រប់គ្រងប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាព យេីងមិនអាចយកតែមនោសញ្ចេតនា «ជម្ងឺតួឯក» តែមួយមុខមកគ្រប់គ្រងបានទេ ក្នុងយុទ្ធសាស្ត្ររក្សាបាននិរន្តភាព មនុស្សឬសត្វអាចបែកគ្នា គ្រប់ពេលវេលា ប៉ុន្តែតម្រូវការជាក់ស្តែងនៅតែមាន ។

ជាការឆ្លេីយតប អង្គភាពសុីម៉ាក់បានអនុវត្តពហុជំនាញ «ពហុតួអង្គសហការ» ដោយអ្នកកាន់សុនខម្នាក់អាចកាន់សុនខច្រេីនក្បាល ហេីយសុនខមួយក្បាលក៏អាចស្តាប់បង្គាប់ចំពោះអ្នកកាន់សុនខច្រេីននាក់ផងដែរ!! យុទ្ធសាស្ត្រ នេះ ទេីបការងារចិញ្ចឹមសត្វមិនថា ដំរី សុនខ ឆ្មា កណ្តុរ អ្វីនោះទេ មាននិរន្តភាព និងមិនឯកកោ៕

ដោយ៖ ផុន លីហ្សា