សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ” នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥។

គណបក្សប្រជាជនកម្ពុជា ដែលមានអាយុ ៧៤ឆ្នាំហើយ បានបន្តរីកធំធាត់ និងចាក់គ្រឹះកាន់តែរឹងមាំទាំងលើការដឹកនាំ គោលនយោបាយ, ថ្នាក់ដឹកនាំ និងជាពិសេស គឺការគាំទ្រដ៏ច្រើនពីសំណាក់ប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលកើតដោយប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន និងប្រកាន់ខ្ជាប់នូវគោលនយោបាយ និងកម្មវិធីនយោបាយយ៉ាងច្បាស់លាស់ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសឆ្ពោះទៅកាន់វិបុលភាព។

តួយ៉ាងព្រឹកនេះ ស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានចាប់ផ្តើមបើកការដ្ឋានកសាងស្នាក់ការថ្មី សម្រាប់បម្រើដល់សេចក្តីត្រូវការ និងការជួបជុំថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្សខេត្ត ក្នុងការដឹកនាំ ចែករំលែក និងដាក់ចេញផែនការក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីរបស់គណបក្ស ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលក្រោយទទួលបានការគាំទ្រពីប្រជាជន តាមរយៈការបោះឆ្នោត សំដៅបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានឹងមិនធ្វើអ្វីដែលខូចប្រយោជន៍ជាតិនោះទេ គោលនយោបាយរបស់បក្សដាក់ចេញ មិនឱ្យបំផ្លាញជាតិនោះទេ មានតែជួយជាតិ និងប្រជាជន។

សម្តេចបានបង្ហាញនូវការជឿជាក់ថា ការដែលប្រជាពលរដ្ឋបោះឆ្នោតឱ្យបក្សប្រជាជន មិនមែនជារឿងចៃដន្យនោះទេ គឺជាការសម្រេចចិត្តដោយសារតែប្រជាជនយល់ថា នៅពេលដែលលំបាកគ្មាននរណាទេចេញមុខមកជួយដោះស្រាយ ក្រៅពីបក្សប្រជាជនកម្ពុជានោះទេ ជាក់ស្តែងនៅពេលជំងឺកូវីដ១៩ កំពុងរាតត្បាត និងការដោះស្រាយបញ្ហាសេដ្ឋកិច្ចជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាដើម។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ដើម្បីដឹកនាំប្រទេសជាតិ នឹងនៅតែបម្រើបុព្វហេតុជាតិ និងប្រជាជនជាធំ នៅគ្រប់កាលៈទេសៈ មិនរត់ចោលប្រជាជនឡើយ៕