ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគក្នុងឆមាសទី១ ឆ្នាំ២០២៥ សរុបចំនួន៣៧៣ គម្រោង ជាមួយទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ២១៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៥៧គម្រោង។
ដោយឡែក គម្រោងវិនិយោគក្នុងខែមិថុនា ឆ្នាំ២០២៥ នេះសរុបចំនួន៨៣គម្រោង (៣៦គម្រោងមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស និង៤៧គម្រោងទៀត ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស) ព្រមទាំងទុនវិនិយោគសរុបប្រមាណ ១,៦ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៥២ពាន់កន្លែងផងដែរ។
គួរបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការ កើនឡើងចំនួន ១៨៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៧៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕
ដោយ៖ ផុន លីហ្សា



