រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា សមរភូមិសំខាន់ៗចំនួន៤ ដែលកម្ពុជាបានធ្វើការទប់ទល់ជាមួយការឈ្លានពាននៅតាមព្រំដែនដោយកងកម្លាំងរបស់យោធាថៃ រួមមាន៖សមរភូមិយោធា, សមរភូមិការទូត, សមរភូមិច្បាប់ និង សមរភូមិព័ត៌មាន និងសាធារណៈមតិ ខណៈរហូតមកដល់ម៉ោងនេះ យោធាថៃបានបន្តធ្វើឱ្យមានស្ថានភាពជាក់ស្តែងទៅលើទីលាន។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមករានេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌ មានប្រសាសន៍ថា ទោះបីជាសមរភូមិនៅលើដីមានភាពស្ងប់ស្ងាត់មិនមានការផ្ទុះអាវុធ ក៏ប៉ុន្តែសមរភូមិនៅលើអាកាសលើប្រព័ន្ធផ្សព្វផ្សាយនៅតែមានភាពតឹងតែង ហើយសមរភូមិនេះគឺជាសមរភូមិមួយដែលមានការប្រឈមខ្ពស់។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជានេះ មានសមរភូមិ៤ បានឈរនៅទន្ទឹមគ្នា រួមមាន ទី១. សមរភូមិយោធា ទី២. សមរភូមិការទូត ទី៣. សមរភូមិច្បាប់ និងទី៤. សមរភូមិព័ត៌មាននិងសាធារណៈមតិ»។
បើតាមលោករដ្ឋមន្ត្រី ទោះបីមានការយល់ព្រមលើសេចក្តីថ្លែងការណ៍រួមយ៉ាងណាក្តី រហូតមកដល់ម៉ោងនេះ យោធាថៃបានបន្តធ្វើសកម្មភាពលើការកម្ទេចផ្ទះប្រជាពលរដ្ឋ ដាក់ទូរកុងតឺន័រ រាយបន្លារលួស ដោតទង់ជាតិ និងធ្វើហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលធ្វើឱ្យកែប្រែបរិក្ខារនៅជំវិញ និងស្ថានភាព ដែលហៅថាធ្វើឱ្យមានស្ថានភាព ជាក់ស្តែង ទៅលើទីលាន៕

