កូនឈើចម្រុះប្រភេទចំនួន១ម៉ឺន៥ពាន់ដើម ត្រូវបានដាំក្នុងពិធីរុក្ខទិវាឆ្នាំនេះ នៅខេត្តកំពង់ចាម

ពិធីបុណ្យ រុក្ខទិវា ៩ កក្កដា នៅឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅស្ថិតនៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ សម្រាប់ពិធី រុក្ខទិវា ឆ្នាំនេះ កូនឈើចម្រុះប្រភេទ រួមមាន ធ្នង់ នាងនួន គ្រញូង បេង ក្ងោក និងត្របែកព្រៃ សរុបចំនួន ១៥ ០០០ដើម ត្រូវបានដាំក្នុងសួនរុក្ខទិវាទំហំ១០ហិកតា នៅទីតាំងប្រារព្ធពិធីផងដែរ។

ក្នុងព្រះរាជសន្ទរកថាក្នុងពិធីរុក្ខទិវានាព្រឹកនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ពិធី “រុក្ខទិវា”ជាវប្បធម៌ដ៏ប្រសើរ និងជាចលនាជាតិមួយដ៏សំខាន់ ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ ស្របតាមគោលនយោបាយជាតិ ក្នុងគោលបំណងអភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្មជាតិ ប្រកបដោយចីរភាព ជាពិសេសរក្សាការពារព្រៃឈើដែលជាជម្រកដ៏សំខាន់បំផុត របស់សត្វគ្រប់ ប្រភេទ រក្សាទឹក និងជីវៈចម្រុះ ទុកជាប្រយោជន៍សម្រាប់មនុស្សគ្រប់ជំនាន់ និងជាការសន្សំបុណ្យកុសលដ៏ធំធេងសម្រាប់មនុស្សជាតិគ្រប់រូប ។

ព្រះអង្គ មានព្រះរាជបន្ទូលបន្តថា តាមរយៈពិធីរុក្ខទិវានេះ អាជ្ញាធរជាតិគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិនៅទូទាំងប្រទេស បានចូលរួមដាំដើមឈើ ក្រោមទស្សនទានរួម ដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ការបង្កើនធនធានធម្មជាតិដែលមានតម្លៃសម្បូរគ្រប់យ៉ាង ធានាបានជីវភាពរស់នៅប្រចាំថ្ងៃ ដែលអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ។

ព្រះអង្គ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិនានា ដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សា ការពារធនធាន ព្រៃឈើ សត្វព្រៃ និងអំពាវនាវឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយគាំទ្រកិច្ចខិតខំប្រឹង ប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល ។

ទន្ទឹមនឹងនេះ អង្គព្រះមហាក្សត្រ ក៏ឧទ្ទិសឱ្យពិធីរុក្ខទិវានេះ ស្ថិតក្នុងបេះដូងរបស់ប្រជារាស្ត្រកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណីនិងចលនាជាតិនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ ការថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើ សត្វព្រៃ ដែលជាមរតកជាតិឱ្យបានគង់វង្ស។ ព្រះអង្គចាត់ទុកថា ការដាំឈើ និងរុក្ខជាតិគ្រប់ប្រភេទ គឺជាការវិនិយោគបៃតងលើធម្មជាតិដែលផ្តល់ពហុប្រយោជន៍ សម្រាប់មនុស្សជាតិ សត្វ ភពផែនដី និងធ្វើឱ្យមូលដ្ឋានភូមិ-ឃុំ មានទេសភាពពណ៌បៃតង និងរស់រវើកគ្រប់រដូវកាល ។

គួរបញ្ជាក់ថា «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងគោលបំណងបំផុស និងលើកទឹកចិត្តឱ្យប្រជារាស្ត្រ ចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដើម ឈើនៅទូទាំងប្រទេស ។

អត្ថបទ៖ ពុទ្ធិកា