អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នាថ្ងៃពុធ ទី៩ ខែកក្កដានេះ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោក ពីជនខិលខូចមួយចំនួន ដែលប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតរូបភាពក្លែងបន្លំ ក្នុងគោលបំណងបោកបញ្ឆោតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ជាការពិត ថ្មីៗនេះ មានការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម នូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែងកំពុងត្រូវការជំនួយសប្បុរសសង្គ្រោះបន្ទាន់ ដែលបង្កើតឡើងដោយបច្ចេកវិទ្យាAI ដើម្បីឆបោកប្រាក់ប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកាទៅកាន់ពួកគេ។
ដូច្នេះហើយ ដើម្បីការពារខ្លួនពីការបោកបញ្ឆោតក្នុងករណីនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលបានផ្ដល់វិធីសាស្រ្តមួយចំនួន ដូចខាងក្រោម៖
1. កុំធ្វើការបរិច្ចាគប្រាក់ទៅលើមូលនិធិ ដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម
2. កុំចុចតំណភ្ជាប់នានា ដែលគ្មានប្រភពច្បាស់លាស់
3. សូមរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ដែលនៅជិតលោកអ្នកបំផុត
4. សូមកុំចែករំលែកបន្ត ( Share ) នៅលើគណនីបណ្តាញសង្គមរបស់លោកអ្នក
5. សូមចូលរួមរាយការណ៍ទៅកាន់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម (Report) ដូចជា Facebook, Telegram, TikTok សម្រាប់ករណីក្លែងក្លាយខាងលើ។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលកម្ពុជា គូសបញ្ជាក់ថា បច្ចេកវិទ្យា AI កាន់តែមានភាពរីកចម្រើន ការបង្កើតរូបភាពសិប្បនិម្មិតនានា កាន់តែមានភាពស្រដៀងទៅនឹងរូបភាពពិតប្រាកដជាខ្លាំង ដែលធ្វើឱ្យសាធារណជនទូទៅកាន់តែមានផលពិបាកក្នុងការបែកចែករវាងរូបភាពពិតប្រាកដ និងរូបភាពសិប្បនិម្មិត៕
ដោយ៖ ផុន លីហ្សា



