គម្រោងអាងទឹកដងកាំបិតត្រៀមផ្តល់ទឹកស្រោចស្រពលើដីស្រែជាង១៣ម៉ឺនហិកតាជូនប្រជាកសិករ

ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃព្រហស្បតិ៍ ទី១០ ខែកកក្កដានេះ បានដឹកនាំគណៈប្រតិភូធនាគារនីហរ័ណអាហរ័ណចិន (China-Eximbank) ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់នៃគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦៣,២%។ គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតនេះ ប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ដោយចាប់ផ្តើមកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅខែតុលា ឆ្នាំ២០២៧។

ចំណែកឯ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតនេះមានទំនប់ប្រវែង ២៦៨០ម៉ែត្រ ក្នុងនោះទំនប់ដីខាងឆ្វេងប្រវែង ១១៣៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១១៨៨ម៉ែត្រ។

គួរបញ្ជាក់ថា ក្រោយពេលសាងសង់រួច គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាកសិករចំនួន ២៥០០០គ្រួសារ ស្មើនឹង ៨៥៣០០នាក់ ស្ថិតក្នុងស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ ។

លើសពីនេះ គម្រោងខាងលើនឹងផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រែនៅផ្នែកខាងក្រោមប្រមាណ ១៣១ ៣២៣ហិកតា ហើយថែមទាំងបង្កើនទិន្នផលស្រូវពី៤តោន ទៅ៥,៤ តោន/ហិកតា និងរួមចំណែកផងដែរក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់ផងដែរ៕

ដោយ៖ ផុន លីហ្សា