ស.ស.យ.ក. និងក្រុមបាល់ទាត់ចំនួន៨ក្រុម សហការរៀបចំការ​ប្រកួត​បាល់ទាត់ ដើម្បី​កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ

សហភាពសហព័ន្ធយុវជន​កម្ពុជា សហការជាមួយក្រុមបាល់ទាត់មានប្រជាប្រិយភាពចំនួន៨ក្រុម រៀបចំការ​ប្រកួត​បាល់ទាត់ ដើម្បី​កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ ក្រោម​ប្រធាន​បទ «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ»។ ការប្រកួតនេះ នឹង​ធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបើកឱ្យទស្សនាដោយសេរីចាប់ពីម៉ោង ៣៖០០រសៀលតទៅ។

ក្រុម​បាល់ទាត់ចំនួន ៨ក្រុមដែលនឹងចូលរួមនោះ រួមមាន៖ ១៖ សសយក All Star ,២៖ ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ,៣៖ ក្រុមបាល់ទាត់ Vlogger All Star, ៤៖ ក្រុមបាល់ទា​ត់ពិធីករ​កីឡាកម្ពុជា, ៥៖ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ, ៦៖ ក្រុមបាល់ទាត់តារាកម្ពុជា ,៧៖ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព និង៨៖ ក្រុម​បាល់​ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA)។

ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាតំណាងឱ្យ​សហភាព​សហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា​គោលដៅចម្បង គឺដើម្បីបង្ហាញអំពីស្មារតីសាមគ្គីភាពជាតិខ្មែរ ដោយមានប្រជាជនជាខឿនការពារជួរក្រោយដើម្បីជួយដល់កងទ័ពជួរមុខ និងបង្ហាញអំពីស្មារតី​ជាតិនិយមរបស់ប្រជាជន​កម្ពុជា ពោរពេញដោយភាពជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពជួរមុខរបស់យើង ក្នុងបុព្វហេតុការពារជាតិ ការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិខ្មែរ ។

ឯកឧត្តម គួច វែងស្រ៊ុន បន្តថា កម្មវិធីប្រកួតបាល់ទាត់នេះ នឹងរៀបចំឱ្យមានកម្មវិធីអមមួយចំនួន​ដើម្បីជួយជំរុញ​ឱ្យ​មានការកៀរគមូលនិធិឱ្យបានច្រើន ទៅតាមលទ្ធភាព​ដែលអាចធ្វើទៅបាន។ ជាមួយ​គ្នានេះ កម្មវិធីប្រកួតនះ នឹងរៀបចំឱ្យមានការច្រៀងចម្រៀង ដែលបង្ហាញពីស្មារតី​ជាតិ​និយម ដែលមានដូចជាបទពង្សាវតារខ្មែរ បទដែនដីខ្មែរ និងបទគន់មើលទៅមេឃ (ចម្រៀងកងទ័ព) ក្នុងពេលប្រកួតកីឡាបាល់ទាត់នេះ។ បន្ថែមពីនេះ ក្រុមការងារ​ក៏​បានរៀបចំអាវយឺតចំនួន ១ម៉ឺនអាវ សម្រាប់លក់ ដើម្បីប្រមូលមូល​និធិផងដែរ ដោយ​អាវយឺត១ តម្លៃ ២ម៉ឺនរៀល។

ជាមួយគ្នានេះ រាល់ថវិកាដែលបានទទួលតាមរយៈមូលនិធិនេះ ក្រុមការ​ងារ​មិនបានយកមកចំណាយក្នុងការរៀបចំកម្មវិធីនេះឡើយ។ ក្រោយពេលបាន​ទទួល និងសរុបនូវចំនួនថវិកា ក្រុមការងារនឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ ហើយ​ក្រុម​ការងារនឹងរៀបចំដើម្បីយកទៅប្រគល់ជូនដល់វីរកងទ័ពជួរមុខ នៅទិសប្រាសាទ​ព្រះ​វិហារ។

សម្រាប់បងប្អូនមានបំណងបរិច្ចាគជាមូលនិធិសម្រាប់វីរកងទ័ពអាចចូលរួមតាមរយៈ៖ QR CODE ធនាគារចំនួន២ ដែលក្រុមការងារបានរៀបចំដាក់ក្នុងបណ្ណផ្សព្វផ្សាយ និងចូលរួមបរិច្ចាគផ្ទាល់នៅផ្លូវថ្មើរជើងចតុមុខ នាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ និងល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥៕

អត្ថបទ៖ ពុទ្ធិកា