តើលោក ថាក់ស៊ីន​ អាច​ប្រឈម​​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​ព្រះមហាក្សត្រ​ដែរឬ?

អតីតមេដឹកនាំថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅថ្ងៃពុធសប្តាហ៍នេះបានផ្ដល់សក្ខីកម្មនៅក្នុងតុលាការ ដោយស្វែងរកការការពារខ្លួនប្រឆាំងនឹងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ដែលអាចធ្វើឲ្យលោកជាប់គុក ១៥ឆ្នាំ ពោលត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីកូនស្រីរបស់លោក គឺលោកស្រី Paetongtarn Shinawatra ត្រូវបានព្យួរតំណែងជានាយករដ្ឋមន្ត្រី។ បើតាមសារព័ត៌មាន Aljazeera ចុះផ្សាយ។

មេធាវីរបស់លោក ថាក់ស៊ីន លោក Winyat Chatmontri បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា កូនក្តីរបស់លោកបានផ្តល់សក្ខីកម្មនៅព្រឹកថ្ងៃពុធសប្តាហ៍នេះពេញមួយថ្ងៃ។

លោក ថាក់ស៊ីន ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់ដ៏តឹងរ៉ឹងលើការប្រមាថព្រះមហាក្សត្រ ដែលទាក់ទងនឹងការលើកឡើងរបស់លោកទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីប៉ុន្មានឆ្នាំមុនដោយរិះគន់ស្ថាប័នព្រះមហាក្សត្រថៃ។

ក្រុមអ្នកវិភាគបាននិយាយថា ការកាត់ទោសលោក ថាក់ស៊ីន រួមជាមួយនឹងការព្យួរតំណែងនាយករដ្ឋមន្រ្តីរបស់លោកស្រី Paetongtarn កាលពីពីរសប្តាហ៍មុន បង្ហាញឱ្យឃើញនូវការធ្លាក់ចុះយ៉ាងខ្លាំងនៃឥទ្ធិពលនយោបាយរបស់គ្រួសារពួកគេ។

លោក ថាក់ស៊ីន បានត្រឡប់មកប្រទេសថៃវិញក្នុងខែសីហា ឆ្នាំ២០២៣ ក្រោយនិរទេសខ្លួនរយៈពេល ១៥ឆ្នាំ បន្ទាប់ពីរដ្ឋប្រហារយោធាដែលបានទម្លាក់លោកចេញពីតំណែងនាយករដ្ឋមន្ត្រី។ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំភ្លាមៗពីបទពុករលួយ និងការចោទប្រកាន់ពីបទរំលោភអំណាច ក្រោយមកកាត់បន្ថយមកត្រឹមមួយឆ្នាំដោយការលើកលែងទោសពីព្រះមហាក្សត្រ សម្តេច Maha Vajiralongkorn ក្នុងសញ្ញាជាក់ស្តែងនៃការផ្សះផ្សា។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ លោកថាក់ស៊ីនបានបញ្ជាក់ពីភាពស្មោះត្រង់របស់លោកចំពោះរបបរាជានិយម និងបានសម្តែងការដឹងគុណចំពោះការលើកលែងទោសរបស់ព្រះមហាក្សត្រ៕