ក្រោយហេតុការណ៍ថ្ងៃទី១៦ ខែកក្កដាថ្មីៗនេះ នៅតំបន់មុំ៣ ភាគីថៃបានយកលេសទាហានខ្លួនដើរជាន់មីន មកដាក់ការចោទប្រកាន់លើកម្ពុជាទាំងងងើល ហើយឡាំប៉ាថា កម្ពុជាបានលួចបង្កប់មីនថ្មីនៅក្នុងដីរបស់ខ្លួន។
ជុំវិញរឿងនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចោទសួរថា ហេតុអីថៃលួចបង្កប់មីនខ្លួនឯងដើរជាន់ខ្លួនឯងដោយប្រើប្រាស់មីនរុស្ស៊ី មិនមែនមីនចិន ឬមីនអាម៉េរិក? ពីព្រោះគេចង់បំផ្លាញយើង២ត្រួត និងល្បិចសាច់កម្មមួយ៖ ទី១ គេបំភ្លៃយើងរឿងរំលោភសន្ធិសញ្ញាក្រុងអូតាវ៉ា និងទី២ គេភ្ជាប់យើងរឿងមីនទៅនឹងរុស្ស៊ីក្នុងសេណារីយោភូមិសាស្ត្រនយោបាយ និងទី៣ ល្បិចសាច់កម្មដើម្បីយកលេសឈូសឆាយផ្លូវចូលកៀកដីខ្មែរស្រួលចល័តទ័ពនិងសព្វាវុធ។ ជាតិសាសន៍មួយនេះល្បិចមហាល្បិច។ បើពិភពលោកមិនដឹង គិតថាគេល្អ, តែធាតុពិត គឺពិសពុលបំផុត។
លោកបណ្ឌិតបញ្ជាក់ថា ក្នុងចន្លោះឆ្នាំ១៩៧៩-១៩៩៨ មីនដែលប្រើប្រាស់និងចរាចរណ៍ក្នុងប្រទេសកម្ពុជា មានប្រភពមកពីសូវៀត ចិន អាម៉េរិច លោកខាងលិច និងអឺរ៉ុបខាងកើត។ ដូច្នេះ មីនកប់ក្នុងដីក្រោយសង្គ្រាមមានប្រភពចម្រុះ មិនមែនមានតែមកពីសូវៀតឬរុស្ស៊ីទេ។
មេបញ្ជាការកងទ័ពថៃ Pana Klaewplodthuk បាននិយាយកាលពីថ្ងៃសៅរ៍ទី១៩ ខែកក្កដាថា មីនដែលផ្ទុះដាក់ជើងទាហានខ្លួននៅតំបន់មុំបី គឺជាមីនថ្មី ហើយចោទកម្ពុជាថាជាអ្នកដាក់ ព្រមទាំងកំពុងចាត់វិធានការសងសឹក និងត្រៀមប្តឹងទៅអង្គការសហប្រជាជាតិ (UN) ផងដែរ។
អាជ្ញាធរមីនកម្ពុជាបានបដិសេធនិងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយពីសំណាក់ស្ថាប័នព័ត៌មានថៃដែលថា កម្ពុជាដាក់មីនថ្មី និងចាត់ទុកការផ្សាយថាកម្ពុជាដាក់មីនថ្មី គឺជាចេតនាចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានការស៊ើបអង្កេតមកលើកម្ពុជា។
នៅថ្ងៃទី២១ ខែកក្កដា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏បានចេញច្រានចោលទាំងស្រុងចំពោះការប្រកាន់នេះដែរ។ រាជរដ្ឋាភិបាលកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងនេះ។ ក្នុងនាមជារដ្ឋភាគីមួយ ដែលមានការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះខ្លឹមសារស្មារតីនៃអនុសញ្ញាទីក្រុងអូតាវ៉ា កម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការនូវរាល់ការលើកឡើងថាកម្ពុជាបានរំលោភចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញានេះ។
ក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងជាប់ជាប្រចាំ និងសមិទ្ធផល ដែលកម្ពុជាសម្រេចបានក្នុង សកម្មភាពកម្ចាត់មីន ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុងនោះរួមមាន់ទាំងវឌ្ឍនភាពយ៉ាងធំក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមនៅលើទឹកដីរបស់កម្ពុជា ក៏ដូចការរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការដោះមីនរបស់អង្គការសហប្រជាជាតិនៅតាមប្រទេសនានាដែលបានបញ្ចប់ជម្លោះ៕




