ស្របពេលដែលចេញទៅសម្តែងនៅទឹកដី អាមេរិក ជាថ្មីម្តងទៀត ស្រាប់តែតារាចម្រៀង ឆៃលី ដាឡែន បានជួបស្នេហ៍ពិតនិងបានរៀបការជាមួយបុរសខ្មែររូបសង្ហាបញ្ចប់ជីវិតនៅលីវ ។

ជាច្រើនខែមកហើយដែលតារាចម្រៀង ឆៃលី ដាឡែន បានចេញទៅសម្តែងនៅទឹកដី អាមេរិក ហើយនៅពុំទាន់ត្រឡប់មកស្រុកកំណើតវិញ ។ ឆៃលី ដាឡែន ពិតជារីករាយជាមួយការចេញទៅសម្តែងលើកនេះខ្លាំងណាស់ ជាពិសេសនាងបានជួបគូគ្រងដែលមិនបានព្រៀងទុកទៀតផង ។
នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៥នេះ ឆៃលី ដាឡែន បានប្រកាសជាផ្លូវការថានាងមានគូគ្រងហើយ ។ នាងថែមទាំងបានរៀបរាប់ថា « អរគុណប៉ាម៉ាក់ បងប្អូន មិត្តភក្តិដែលបានចូលរួមថ្ងៃពិសេសយើងទាំងពីរ »។
ឆៃលី ដាឡែន បានជួបស្នេហ៍ពិតហើយ បន្ទាប់ពីធ្លាប់ខូចចិត្តរឿងស្នេហាមិនសមបំណងជាច្រើនលើកនៅទឹកដីកំណើត ។ ឆៃលី ដាឡែន រំពឹងថា ចំណងស្នេហ៍ថ្មីនេះ នឹងធ្វើឱ្យជីវិតនាងកាន់តែល្អប្រសើរឡើង នាងមិនចង់ជួបស្នេហាមិនសមបំណងទៀតទេ ។
បន្ទាប់ពីសម្រេចចិត្តភ្ជាប់និស្ស័យស្នេហ៍និងបញ្ចប់ភាពនៅលីវនៅលើទឹកដី អាមេរិក រួច ឆៃលី ដាឡែន នៅពុំទាន់មានគម្រោងត្រឡប់មកប្រទេស កម្ពុជា វិញនៅពេលណាមួយនៅឡើយទេ ដោយពេលនេះនាងកំពុងរីករាយជាមួយជីវិតថ្មី និងការងារថ្មីៗនៅទីនោះ ។ តែទោះជាយ៉ាងណា ឆៃលី ដាឡែន នៅតែអះអាងថា នាងនឹងវិលត្រឡប់ទៅស្រុកកំណើតវិញនៅថ្ងៃណាមួយ បន្ទាប់ពីនាងរៀបចំឯកសាររួចរាល់និងមានសិទ្ធចេញចូល អាមេរិក ដោយសេរី ៕


