កម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ម្ចាស់ជ័យលាភីនឹងទទួលបានប្រាក់ជ័យលាភី ១០០លានរៀល និងឱកាសក្លាយជាតារាចម្រៀងកុងត្រា

បេក្ខជនចំនួន៧០នាក់នឹងត្រូវជ្រើសរើសឡើងសង្វៀនប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងរ៉េប របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដើម្បីដណ្តើមប្រាក់រង្វាន់រហូតដល់ទៅ ១០០ លានរៀលពីកម្មវិធី CAMBO RAPPER ។ 

កម្មវិធីប្រឡងចម្រៀង CAMBO RAPPER គឺជាកម្មវិធីថ្មីមួយដែលផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានចំណាយពេលវេលាអស់ជាច្រើនខែ ដើម្បីសិក្សាយ៉ាងម៉ត់ចត់ ក្នុងការផលិតកម្មវិធីនេះឡើងដើម្បីឱ្យមានភាពទាក់ទាញ និងចម្រាញ់យកធនធាន Rapper ដ៏មានទេពកោសល្យ និងមានគុណភាពមកបណ្តុះបណ្តាលឱ្យក្លាយទៅជាតារាចម្រៀងរ៉េបអាជីពនិងមានឈ្មោះល្បីល្បាញ។ មិនតែប៉ុណ្ណោះកម្មវិធីគឺចង់លើកកម្ពស់និងផ្តល់ឱកាសឱ្យបេក្ខជនដែលមានទេពកោសល្យខាងជំនាញរ៉េបមានឱកាសបានចូលរួមប្រកួតប្រជែង និងបញ្ចេញសមត្ថភាពពិតរបស់ខ្លួន ។ អ្វីដែលកាន់តែអស្ចារ្យនោះគឺកម្មវិធីមានគ្រូបង្វឹករហូតដល់ទៅចំនួន៤រូប និងមាន Secret Coach ចំនួនមួយថែមទៀត ដែលសុទ្ធសឹងតែមានបទពិសោធន៍និងមានចំណេះជំនាញលើវិស័យចម្រៀងចម្រៀងរ៉េប។

មកទល់ពេលនេះមានបេក្ខជនជាច្រើនទាំងនៅទីក្រុង និងតាមបណ្តាខេត្តនានាបានដាក់ពាក្យចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី CAMBO RAPPER របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ជាបន្តបន្ទាប់ ។ បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រកួតនឹងត្រូវបានជម្រុះតាមអនឡាញ ដោយគណៈកម្មការនឹងជ្រើសរើសយកបេក្ខជនចំនួន៧០នាក់ដើម្បីឡើងសង្វៀនឆាកតន្រ្តីប្រកួតប្រជែងសមត្ថភាព។ បើតាមគម្រោងកម្មវិធីទាំងមូលមានរហូតដល់ទៅ១៦សប្តាហ៍ ហើយវគ្គផ្តាច់ព្រ័ត្រនឹងរៀបចំឡើងនៅក្នុងអំឡុងខែ ធ្នូ ខាងមុខ។

គួរបញ្ជាក់ផងដែរថា ម្ចាស់ជ័យលាភីក្នុងការប្រឡងចម្រៀង CAMBO RAPPER និងទទួលបានបានប្រាក់រង្វាន់រហូតដល់ទៅ ១០០ លានរៀល ព្រមទាំងក្លាយទៅជាតារាចម្រៀងកុងត្រានៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ ដោយឡែកបេក្ខជនឡើងដល់វគ្គផ្តាច់ព្រ័ត្រទោះមិនទទួលបានជ័យលាភី ក៏ទទួលបានប្រាក់ឧបត្ថម្ភម្នាក់ ១០លានរៀល និងក្លាយទៅជាតារាចម្រៀងកុងត្រានៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ផងដែរ ។  

តស់!កុំរង់ចាំយូរ ! បេក្ខជនដែលមានសមត្ថភាពខាងចម្រៀងរ៉េប អាចដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី CAMBO RAPPER បាន ដើម្បីផ្លាស់ប្តូរវាសនារបស់អ្នកទាំងអស់គ្នា៕