រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា យុវជននាពេលបច្ចុប្បន្ននេះមានការយល់ដឹងច្រើនពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា និងការប្រើប្រាស់បច្ចេកវិទ្យា។ហើយបើទោះបីយុវជនបានកាន់ស្មាតហ្វូន ដែលជាទូរសព្ទឆ្លាតវៃនៅនឹងដៃក៏ត្រូវមានក្រុមសីលធម៌ក្នុងការប្រើប្រាស់បច្ចេកវិទ្យា នេះឱ្យបានត្រឹមត្រូវ និង ចំទិសដៅផងដែរ។
ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ(20th Asia Media Summit)នាសណ្ឋានគារសុខាសៀមរាប ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា៖ការដែលយុវជនបានយល់ដឹងលើវិស័យបច្ចេកវិទ្យានេះហើយចាំបាច់ណាស់ក៏ចៀសវាងបង្កបញ្ហាឬទៅរំលោភបំពានច្បាប់, ទី២ត្រូវចេះទប់ស្កាត់កុំឱ្យខ្លួនឯងចាញ់បោកក្នុងទំនាក់ទំនងសង្គមព្រោះនាពេលនេះការចាញ់បោកតាមប្រព័ន្ធអនឡាញបើយើងមិនបានគិតគូរបញ្ហានេះមិនបានពង្រឹងចំណេះដឹងខ្លួនយើងទេ យើងអាចនឹងចាញ់ការឆបោកពីសំណាក់ជនទុច្ចរិតដែលព្យាយាមបោកប្រាស់យើងតាមប្រព័ន្ធអនឡាញគ្រប់ពេលវេលា ។
ជាមួយគ្នានេះត្រូវចេះប្រើប្រាស់ព័ត៌មានបច្ចេកវិទ្យានេះឱ្យបានល្អ ត្រូវចេះគោរពសិទ្ធិអ្នកដទៃ ពីព្រោះនាពេលនេះអ្វីដែលយើងបាន ឃើញ”Cyber bullying” ពោលគឺការវាយប្រហារទៅលើបុគ្គលម្នាក់ទៅតាមប្រព័ន្ធបច្ចេកវិទ្យាតាមបណ្តាញសង្គមដែលធ្វើឱ្យម្នាក់នោះគឺអាចបាក់ទឹកចិត្តឬ មានបញ្ហាផ្លូវចិត្តដោយសារការវាយប្រហារសង្រ្គប់នៅលើបញ្ហាបណ្តាញសង្គមនានា។
ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមថា៖«យើងឃើញថាបណ្តាប្រទេសផ្សេងៗក្នុងនោះមានដូចជាប្រទេសម៉ាឡេស៊ី យើងសិក្សាទៅការវាយប្រហាសតាមបណ្តាញទំនាក់ទំនងសង្គម ពេលខ្លះយើងឃើញថាបុគ្គលដែលត្រូវវាយប្រហារ គាត់បាក់ ទឹកចិត្ត មានបញ្ហា រហូតឈានដល់ ការសម្លាប់ខ្លួនជាដើម ។ ចឹង!យើងមិនចង់ឱ្យកើតឡើងឬបញ្ហានេះកើតឡើងនៅក្នុងសង្គមកម្ពុជានោះទេ ដោយត្រូវប្រើប្រាស់នូវបច្ចេកវិទ្យានេះឱ្យមាន ប្រយោជន៍ ជាជាងការប្រើប្រាស់នូវបច្ចេកវិទ្យាដែលបំផ្លាញមនុស្ស »។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានលើកឡើងដោយបញ្ជាក់ថា” ការប្រើប្រាស់បច្ចេកវិទ្យាដោយមានក្រមសីលធម៌ ទទួលខុសត្រូវ ដែលនេះមានន័យថាវិទ្យាសាស្រ្តមានកាំបិតមុខពីរ ទីមួយបំផ្លាញ និងទី២ជួយយើង។ដូចនេះយើងត្រូវប្រើប្រាស់មុខមួយឱ្យបានច្រើនគឺយើងត្រូវប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រយោជន៍ដោយចៀសវាងការប្រើបច្ចេកវិទ្យាទៅបង្កើតព័ត៌មានក្លែងក្លាយប៉ះពាលដល់សង្គម សន្តិសុខសណ្តាប់ធ្នាប់ជាតិនោះគឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយ។សម្រាប់ទាំងនេះក្រសួងនឹងលើកយកទៅជជែកពិភាក្សាគ្នាក្នុងសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ។
គួរបញ្ជាក់ថា សន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) ដែរលរៀបចំឡើងនៅលើទឹកដីអង្គរ ខេត្ត សៀមរាបចាប់ផ្តើមពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ដោយមានបណ្តាប្រទេសជាសមាជិក២៦ ចូលរួម៕
