ឯកឧត្តម ហេង រតនា ៖ កម្ពុជាសាងសង់អាគាររាងគ្រាប់មីនPMN-2 ធំជាងគេលើពិភពលោក

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងនាថ្ងៃច័ន្ទ ទី២១ ខែកក្កដានេះថា៖« កម្ពុជាមិនមែនកំពុងតែដាក់គ្រាប់មីនPMN-2ថ្មី នៅលេីទឹកដីនៃខេត្ត​”សៀមរាប” នោះទេ ប៉ុន្តែកម្ពុជាកំពុងតែសាងសង់អាគាររាងគ្រាប់មីនPMN-2ធំជាងគេក្នុងពិភពលោក »។

អគារនេះក៏អាចក្លាយជានិមិត្តរូបនៃការសម្រេចជោគជ័យក្នុងការអនុវត្តអនុសញ្ញាមីនអន្ដរជាតិអូតាវ៉ាផងដែរ!។ អាគាររាងគ្រាប់មីននេះ អាចដាក់សម្ពោធជាផ្លូវការនៅដេីមឆ្នាំ​២០២៦ខាងមុខនេះ។

ឯកឧត្តម ហេង រតនា បានរំលេចថា នាថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកនិងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពការសាងសង់អាគាររាង គ្រាប់មីនPMN-2 ធំជាងគេបំផុតលេីពិភពលោក ដោយអាគាររាងគ្រាប់មីននេះ ប្លង់ខាងក្រោម មានរាងការេទំហំ១០៨ម៉ែត្រគុណ១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រ មាន២ជាន់កម្ពស់១៧ម៉ែត្រ។

លើសពីនេះ អគារនេះស្ថិតនៅក្នុងបរិវេទសារមន្ទីរតេជោសន្តិភាព និងអាចក្លាយជាមរតកជាតិមួយក្នុងការដាក់បង្ហាញជូនសាធារណជន​ជាតិ និងអន្ដរជាតិ ឲ្យយល់កាន់តែច្បាស់ថែមទៀតនូវការខិតខំពុះពារប្ដូរផ្ដាច់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយសម្រាប់ប្រជាជន និងប្រទេសជាតិផងដែរ។  

សូមជម្រាបថា អាគារនេះ កសាងដោយក្រុមហ៊ុនជប៉ុនSATO KOGYO និងផ្តល់ហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន៕

ដោយ៖ ផុន លីហ្សា