ផ្លូវ ៣ខ្សែនៅស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ រងការខូចខាតដោយគ្រាប់ផ្លោងកាំភ្លើងធំ និងអាវុធធុនធ្ងន់របស់ទាហានថៃ

រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ កម្ពុជា-ថៃ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តឧត្តរមានជ័យ បានចុះពិនិត្យផ្លូវលម្អិតក្នុងខេត្ត និងស្រុកជាប់ព្រំដែន ដែលរងការខូចខាតដោយគ្រាប់ផ្លោងកាំភ្លើងធំ និងអាវុធធុនធ្ងន់របស់ទាហានថៃ។ 

ក្រោយការពិនិត្យស្ថានភាពផ្លូវក្រាលកៅស៊ូ DBST ក្នុងភូមិសាស្ត្រ ស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ មន្ទីរសាធារណការ រកឃើញការខូចខាតផ្លូវ ៣ខ្សែ ទី១-ផ្លូវជាតិលេខ៥៨÷ (ពីព្រំប្រទល់ខេត្តបន្ទាយមានជ័យ-វង្វង់មូលផ្អុង ក្រុងសំរោង) មានករណីគ្រាប់កាំភ្លើងធំផ្លោងធ្លាក់ ទី២-ផ្លូវជាតិលេខ៦៨ (ព្រំប្រទល់សៀមរាប-អូរស្មាច់) មានករណីគ្រាប់កាំភ្លើងធំផ្លោង ទី៣-ផ្លូវខេត្តលេខ២៥៦៧÷ (គោកមន-ប្រាសាទតាមាន់) មានករណីគ្រាប់កាំភ្លើងធំផ្លោង ៧ករណី។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បានឲ្យដឹងថា ក្នុងចំណោម កំណាត់ផ្លូវ ដែល បាន ត្រួតពិនិត្យ មានតែ ផ្លូវជាតិ លេខ ៥៨ (ផ្លូវក្រវាត់ទី១) ផ្លូវជាតិលេខ៦៨ និង ផ្លូវខេត្ត លេខ ២៥៦៧(គោកមន- ប្រាសាទតាមាន់)ប៉ុណ្ណោះ ដែល រង ការខូចខាត ដោយសារ គ្រាប់កាំភ្លើងធំ ធ្លាក់ ចំ។ ចំណែក ផ្លូវជាតិលេខ៥៦ អាចចរាចរណ៍បានធម្មតា ។ 

ជា រួមស្ថានភាព ផ្លូវ ក្នុងស្រុក បន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ គឺ នៅ មាន សុវត្ថិភាព សម្រាប់ ការធ្វើដំណើរ បាន ធម្មតា នៅ លើ កំណាត់ផ្លូវ ជាតិលេខ៥៦ លើកលែងតែ កំណាត់ផ្លូវ មួយចំនួន ប៉ុណ្ណោះ ដែល ត្រូវ ការ ជួសជុល ដោយសារ ការខូចខាត ខាងលើ។

អ្នកនាំពាក្យក្រសួងសាធារណការ ក៏អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយប្រុងប្រយ័ត្នលើកំណាត់ផ្លូវដែលរងការខូចខាត ជាពិសេសនៅពេលយប់ ចៀសវាងកើតឡើងគ្រោះថ្នាក់ជាយថាហេតុ។