ពលរដ្ឋស៊ីវិល ២៤នាក់ស្លាប់ក្នុងហេតុការណ៍យោធាមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកក្បែរព្រំដែនថៃ

យោធាមីយ៉ាន់ម៉ា បន្តទម្លាក់គ្រាប់បែកទម្ងន់ដល់ទៅ ៥០០ផោន (២២៧គីឡូក្រាម) ក្នុងសហគមន៍មួយក្នុងរដ្ឋ Karenni នៃប្រទេសមីយ៉ាន់ម៉ា ដែលនៅជាប់ជាមួយនឹងព្រំដែនថៃ មានមនុស្សយ៉ាងហោចណាស់ ២៤នាក់ត្រូវបានរាយការណ៍ថា ស្លាប់កាលពីថ្ងៃទី ១៧ ខែ សីហា។

អាជ្ញាធររដ្ឋ Karenni បានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី ១៨ ខែ សីហា ចំនួនអ្នកស្លាប់ដោយសារការទម្លាក់គ្រាប់បែកកើនដល់ ២៤នាក់ និងរងរបួសជាច្រើននាក់ទៀត ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនានាព្រមទាំងផ្ទះសម្បែងពលរដ្ឋនៅក្នុងសហគមន៍ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងផងដែរ។

កងទ័ព Karenni បានបញ្ជាក់ថា ការវាយប្រហារនេះធ្វើឡើងដោយប្រើយន្តហោះចម្បាំង YAK-13 ចំនួនពីរគ្រឿង ធ្វើការទម្លាក់គ្រាប់បែកទម្ងន់ ៥០០ ផោនចំនួនពីរលើភូមិ Law Kaw Hlo ដែលជាមជ្ឈមណ្ឌលផលិតកម្មរ៉ែ។

តំបន់សេដ្ឋកិច្ច Maw Chi ជាទីតាំងយទ្ធសាស្រ្តដ៏សំខាន់មួយរបស់យោធាមីយ៉ាន់ម៉ាក្នុងការផលិតរ៉ែ ខណៈដែលតំបន់នេះ ត្រូវបានវាយប្រហារដោយយន្តហោះមិនតិចជាង ១០ ដងនោះទេទេ ហើយកងទ័ពថៃក៏ធ្លាប់ប្រើយន្តហោះចម្បាំង F-16 ដេញក្រុមយោធាមីយ៉ាន់ម៉ាកាលពីប៉ុន្មានខែមុនទៀតផង៕