ត្រាំ នឹងមកម៉ាឡេស៊ី ចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ 

រដ្ឋមន្រ្តីការបរទេសនៃប្រទេសម៉ាឡេស៉ី លោក Mohamad Hasan នាថ្ងៃអង្គារ ទី១៤ ខែតុលាបាននិយាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកកាន់ម៉ាឡេស៉ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន។ 

តាមទីភ្នាក់ងារព័ត៌មាន euters បានឲ្យដឹងថា លោក Mohamad បានបន្តថា ម៉ាឡេស៉ីរួមជាមួយសហរដ្ឋអាមេរិក នឹងដើរតួជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងខាងលើ រវាងថៃនិងកម្ពុជា ដែលនឹងមានតម្រូវឱ្យភាគីទាំងសងខាង បោសសំអាតមីនហើយដកសព្វាវុធធុនធ្ងន់ទាំងអស់ ចេញពីតំបន់ព្រំប្រទល់។ បើតាមលោករដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ នឹងត្រូវធ្វើឡើង អំឡុងកិច្ចប្រជុំរវាងមេដឹកនាំអាស៊ាន ដែលគ្រោងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ 

លោក Mohamad បានប្រាប់ទៅកាន់ ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «អំឡុងកិច្ចប្រជុំកំពូលអាស៊ាន យើងសង្ឃឹមថា ការចុះកិច្ចព្រមព្រៀងមួយ ហៅថា កិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួររវាងប្រទេសជិតខាងទាំងពីរ នឹងធានានូវបទឈប់បាញ់យូរអង្វែង ព្រមទាំងសន្តិភាព»។

គួរបញ្ជាក់ថា ភាពតានតឹងជុំវិញបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ បានឈានដល់ការប៉ះទង្គិចប្រដាប់អាវុធដ៏ប្រល័យ អស់រយៈពេល៥ថ្ងៃ កាលពីខែកក្កដាកន្លងទៅ មុនពេលមានបទឈប់បាញ់គ្នា ដែលផ្តួចផ្តើមដោយលោក ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim ដែលជាប្រធានប្តូរវេនរបស់អាស៊ាន៕