អ្នកសង្កេតការណ៍៥ប្រទេសដែលឃ្លាំមើលបទឈប់បាញ់ ចេញទៅខេត្តបន្ទាយមានជ័យ ខណៈទាហានថៃបន្តព័ន្ធរបងបន្លាលួស និងដាក់កង់ឡានលើភូមិរបស់ខ្មែរ

នៅព្រឹកព្រលឹមស្រាងៗ នាថ្ងៃអង្គារទី២៦ ខែសីហានេះអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមាននាទីឃ្លាំមើលបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចេញដំណើរចុះទៅពិនិត្យ និងសង្កេតពីស្ថានការណ៍នៅព្រំដែនខេត្តបន្ទាយមានជ័យ។ នេះបើតាមក្រសួងការពារជាតិ បញ្ជាក់លើទំព័រហ្វេសប៊ុក។

បើតាមក្រសួងការពារជាតិកម្ពុជា ក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលចេញដំណើរទៅកាន់ទីកន្លែងទាហានសៀមឈ្លានពាននៅថ្ងៃនេះ មានតំណាងមកពី៥ប្រទេស រួមានម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម។ ក្រុមនេះដឹកនាំដោយ លោក វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤:២០ នាទី រសៀល ទាហានថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅភូមិជោគជ័យ ធ្វើការទប់ស្កាត់ដេញត្រឡប់ទៅវិញ។

លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា លើកឡើងថា កងកម្លាំងយោធារបស់ថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅភូមិជោគជ័យ ធ្វើការទប់ស្កាត់យ៉ាងខ្លាំងទើបកង កម្លាំងរបស់ថៃយកបន្លាលួសនោះត្រឡប់ទៅវិញ។ 

បើតាមលោកស្រី កម្ពុជាស្នើឱ្យភាគីថៃគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងជាពិសេសស្មារតីនៃកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការមិនពង្រីកភូមិសាស្ត្រ នៃជម្លោះ និងជៀសវាងទង្វើដែលនាំទៅដល់ការកើនឡើងនៃភាពតានតឹង។ កម្ពុជាបញ្ជាក់ថា រាល់ទំនាស់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនត្រូវយកទៅដោះស្រាយដោយគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ (MOU 2000)។