វិលពីប្រទេសថៃ! និស្សិតខ្មែរប្រមាណ១៧២នាក់ ទទួលបានឱកាសបន្តការសិក្សា ក្រោមអាហារូបករណ៍សម្តេចតេជោ

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនាថ្ងៃទី៣១ ខែកក្កដានេះថា៖ «ចាប់តាំង ពីមានការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ និស្សិតដែលបានវិលត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញមានចំនួន ៤២៣នាក់»។

ក្រសួងអប់រំរៀបរាប់ថា ក្នុងចំណោមនិស្សិត ៤២៣នាក់ មាននិស្សិតចំនួន១៧២នាក់បានស្នើសុំអាហារូបករណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តការសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប និងមានការយកចិត្តទុកដាក់ខ្ពស់បំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អាហារូបករណ៍ក្រោមឈ្មោះថា «អាហារូបករណ៍សម្តេចតេជោ នឹងផ្តល់ជូននិស្សិតកម្ពុជាទាំង១៧២នាក់ ឱ្យបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។

ក្រសួងអប់រំ រំលឹកដល់និស្សិតកម្ពុជាទាំង១៧២នាក់ សូមទាក់ទងគ្រឹះស្ថាន ឧត្តមសិក្សាដោយផ្ទាល់ ដើម្បីរៀបចំបែបបទ និងដាក់ពាក្យស្នើសុំចូលរៀន។

លើសពីនេះ ក្រសួងអប់រំ ក៏បានចាត់តាំង ឯកឧត្តមបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិការ ដែលមានលេខទូរសព្ទ និងតេឡេក្រាម៖ +85512225303 ដើម្បីជួយសម្របសម្រួលជូនដល់និស្សិតកម្ពុជាផងដែរ៕

ដោយ៖ ផុន លីហ្សា