ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងម្តងហើយម្តងទៀតរបស់ភាគីថៃថា កម្ពុជាបានប្រើប្រាស់ និងបន្ត ដាក់មីនប្រឆាំងមនុស្ស នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។
បើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់សាជាថ្មីម្តងទៀតថា កម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ និងប្រកាន់ ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំង មនុស្សនេះ។ ដូច្នេះការចោទប្រកាន់បំភ្លៃខុសពីការពិតទាំងនេះរបស់ភាគីថៃមកលើកម្ពុជា គឺមិនត្រឹមតែធ្វើ ឱ្យកើនឡើងភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានស្នើភាគីថៃប្រកាន់ខ្ជាប់នូវគោលការណ៍ ដែលភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នា ដូចមានចែងនៅក្នុងកំណត់ហេតុរួមនៃកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)ទាំងអស់ រួមទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន ដែលបានបញ្ជាក់ថាភាគីទាំងពីរ ត្រូវចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយដើម្បី កាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនាដោយសន្តិវិធីដែលជាចំណែកមួយ ក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងការត្រឡប់មកប្រក្រតីភាពឡើងវិញ ។
ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បី លើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ៕
អត្ថបទ៖ ពុទ្ធិកា