លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខវីរកងទ័ព​ដែលរងរបួសគ្រាប់ភ្នែក ដោយសារសកម្មភាពហិង្សារបស់កងកម្លាំងចម្រុះថៃ នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីនារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ​បានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ព​ដែលរងរបួសគ្រាប់ភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរក្នុងពេលការពារពីសកម្មភាពនគរបាល និងកម្លាំងចម្រុះថៃដែលចូលបំពានដែនដីកម្ពុជានិងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

វីរកងទ័ពដែលរងរបួសឈ្មោះ “ម៉ន ភក្ត្រា” ភេទប្រុស អាយុ ២៥ឆ្នាំ ខណៈពេលកំពុងការពារប្រជាពលរដ្ឋកម្ពុជាពីសត្រូវឈ្លានពាន វីរកងទ័ព “ម៉ន ភក្ត្រា” ត្រូវកម្លាំងចម្រុះភាគីថៃបាញ់ចំគ្រាប់ភ្នែកខាងស្តាំ បណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ និងហូរឈាមយ៉ាងច្រើន រួចក៏ត្រូវបានរៀបចំចាត់ចែងបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ ។

ហេតុតែបារម្ភខ្លាំងចំពោះសុខភាពរបស់វីរកងទ័ព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ ពិនិត្យលើមុខរបួស និងថែមទាំងបានណែនាំឱ្យក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យរបស់ សមាគម TYDA ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង ព្យាបាលឱ្យអស់ពីលទ្ធភាពដើម្បីឱ្យវីរកងទ័ពឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ។

ជាងនេះទៅទៀតនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានណែនាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ឱ្យរៀបចំចាត់ចែងអាហារបីពេល ភេសជ្ជៈ និងជួយសម្រួលដល់ការស្នាក់អាស្រ័យរបស់អ្នកជំងឺ និងក្រុមគ្រួសារក្នុងអំឡុងពេលព្យាបាល។

ទន្ទឹមនឹងនេះផងដែរ «លោកជំទាវបណ្ឌិត» បានយកអំណោយរបស់ «សម្តេចធិបតី» និង «លោកជំទាវ» ប្រគល់ជូនវីរកងទ័ពក្នុងអំឡុងពេលសម្រាកព្យាបាល ក៏ដូចជាជួយដល់ក្រុមគ្រួសារ។ សកម្មភាពទាំងនេះ​ពិតណាស់បានបង្ហាញ​នូវទឹកចិត្តសប្បុរស ការយកចិត្តទុកដាក់ និងក្តីមេត្តាដ៏ខ្ពស់ខ្ពស់ថ្លៃថ្លាបំផុតរបស់ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ចំពោះវីរកងទ័ព និងចំពោះប្រជាជនខ្មែរគ្រប់ៗរូប។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ កងកម្លាំងចម្រុះរបស់ភាគីថៃ រួមមានកម្លាំងតម្រួតព្រំដែន ទាហានប៉ារ៉ា ទាហានឈុតខ្មៅ នគរបាល និងប្រជាពលរដ្ឋស្រុកគោកធ្យូង ចំនួនប្រហែល ៣០០នាក់ មានកាន់អាវុធប្រភេទស្រាលធ្ងន់គ្រប់ដៃ បានចូលមកធ្វើសកម្មភាពរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋកម្ពុជា ក៏បានរារាំងការពារទឹកដី និងទ្រព្យសម្បត្តិ​របស់ពួកគាត់ដែលរស់នៅនិងអាស្រ័យផលជាយូរមកហើយពីសំណាកកម្លាំងចម្រុះឈ្លានពានថៃ ហើយកម្លាំងចម្រុះរបស់ភាគីថៃ ក៏បាន​ប្រើប្រាស់បន្ថែមនូវរថយន្តបំពាក់ឧបករណ៍បំពងសំឡេង និងកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រដាស់ត្រចៀក ប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្កអំពើហិង្សា មកលើប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរ ចំនួន ២៨អង្គ/នាក់ បណ្តាលឱ្យដួលសន្លប់ និងរងរបួសធ្ងន់ និងស្រាល៕