ប្រទេសបារាំងត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ឯកសារនិងផែនទីដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ នេះបើតាមឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបារាំង នៅលើបណ្តាញសង្គមនៅថ្ងៃទី២៥ មករា ឆ្នាំ២០២៦។

គួររម្លឹកថា តាមរយៈជំនួបពិភាក្សាទ្វេភាគី កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅទីក្រុងនីស ប្រទេសបារាំង ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីបារាំង បានបញ្ជាក់ប្រាប់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថាបារាំង អាចជួយ សម្របសម្រួលផ្តល់ឯកសារនានាដល់ភាគីកម្ពុជា និងភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយគ្នា។
ការបញ្ជាក់របស់ប្រធានាធិបតីបារាំងបែបនេះ ធ្វើឡើងនៅក្រោយពេលដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់គោលជំហររបស់កម្ពុជា ក្នុងការរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ និងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធីឱ្យបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មី ។
គួរបញ្ជាក់ថា អំឡុងពេលដាក់អាណានិគមនៅកម្ពុជា រយៈពេល៩០ (១៨៥៣-១៩៥៣) រដ្ឋបាលអាណាព្យាបាលបារាំងនៅកម្ពុជា បានគូសផែនទី ជាក់លាក់មួយ ដើម្បីកំណត់ព្រំដែនរវាងកម្ពុជា ថៃ ក្នុងចេតនាបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ អូសបន្លាយជាច្រើនឆ្នាំ។ ក្រោមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ដល់ឆ្នាំ១៩០៧ ទឹកដីកម្ពុជាជាច្រើនដែលសៀមដណ្តើមយកទៅ កាន់ កាប់ដោយខុសច្បាប់ត្រូវបានទាមទារត្រឡប់មកវិញ។ សន្ធិសញ្ញា បារាំង-សៀម ដែលបានចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការក្នុងឆ្នាំ ១៩០៧ ដោយស្ដេចថៃ ព្រះនាម ជូឡាឡុងកន ឬស្តេចរាមាទី៥ នៅពេលនោះ មិនបានតវ៉ាអ្វីនោះឡើយ។
ក្រោយកម្ពុជាទទួលបានឯករាជ្យពេញលេញពីបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ១៩៥៣ ថៃចាប់ផ្តើម ឈ្លានពានដឹកដីកម្ពុជា ដោយអះអាងថា ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ គឺស្ថិតក្នុងទឹកដីថៃ បំពាននិងការចុះហត្ថលេខាដោយស្ដេចរបស់ខ្លួន រហូតលើកទ័ពឈ្លានពានកម្ពុជា ប៉ុន្តែបានទ័ពទៅវិញនៅឆ្នាំ១៩៦២ ក្រោយចាញ់ក្ដីនៅតុលាការយុត្តិធម៌អន្តរជាតិ៕

