សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសសើរ និងថ្លែងអំណរគុណចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើងយ៉ាងអង់អាចក្លាហាននៅគ្រប់ទិសសមរភូមិជួរមុខ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ។ ការកោតសសើរ និងថ្លែងអំណរគុណរបស់សម្តេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលមានជំនឿចិត្តមកលើរាជរដ្ឋាភិបាល និងបន្តចូលរួមចំណែកឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្ត ដ៏ស្មោះស្ម័គ្រជូនវីរកងទ័ព និងវីរនគរបាលជួរមុខដ៏អង់អាចក្លាហាន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់សារជាថ្មី អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការគោរពច្បាប់ អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ សម្តេច បានគូសបញ្ជាក់ថា បទពិសោធនៃសង្គ្រាម ដ៏រ៉ាំរៃរបស់កម្ពុជាបានបង្ហាញថា សង្គ្រាមមិនអាចបញ្ចប់ដោយការធ្វើសង្គ្រាមបានទេ ពោលគឺមានតែការចរចា ដោយសន្តិវិធីប៉ុណ្ណោះដែលអាចរកដំណោះស្រាយបានប្រកបដោយសុខសន្តិភាព ដែលបង្កលក្ខណៈងាយស្រួល ឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅកាន់ភូមិឋានរបស់ខ្លួនវិញ។

ទន្ទឹមគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះយោធិនទាំង ១៨នាក់ ដែលស្ថិតក្រោមការគ្រលគ្រងរបស់ភាគីថៃ រាជរដ្ឋាភិបាលកម្ពុជាមិនដែលបំភ្លេចពួកគាត់ឡើយ។ រាជរដ្ឋាភិបាលបន្តប្រើគ្រប់យន្តការទាំងអស់ ដើម្បីជំរុញឱ្យមាន ការដោះលែងពួកគាត់វិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញនាពេលខាងមុខ។
សម្តេច ក៏ថ្លែងអរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងនោះមាន ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រដ្ឋបាលខេត្តទាំង៧ នៅជាប់ព្រំដែនថៃ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមក្នុងការការពារបូរណភាពទឹកដី ការដោះស្រាយបញ្ហាជនភៀសខ្លួន ការធានាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយត្រូវធ្វើការងារនេះរួមគ្នាបន្តទៀត៕
អត្ថបទ៖ ពុទ្ធិកា