សម្តេចតេជោ ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីពីកង្វល់លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដែលផុយស្រួយខ្លាំងអាចឈានទៅការប៉ះទង្គិចគ្នាឡើងវិញ

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទម៉ាឡេស៊ី នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងទាក់ទងទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ដោយសម្ដេចតេជោ បានពន្យល់អំពីស្ថានភាពនៃបញ្ហាព្រំដែន រួមទាំងបច្ចុប្បន្នភាពទាក់ទងទៅនឹងការចាក់សំឡេងខ្មោច ឬក៏សំឡេងផ្សេងៗទៀត ពីភាគីថៃ រំខានដល់ពលរដ្ឋកម្ពុជានៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ជាដើម ដែលបានកើតឡើងរយៈពេលប្រមាណ ៤យប់មកហើយ។ 

សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមពីស្ថានភាពទូទៅនៃបញ្ហាព្រំដែន ដែលជាកង្វល់និងជាបញ្ហាមួយផុយស្រួយខ្លាំងណាស់ក្នុងការប៉ះទង្គិចគ្នាឡើងវិញ។ ដូច្នេះហើយ សម្ដេចតេជោ ក៏បានបញ្ជាក់ទៅកាន់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា អ្វីដែលកម្ពុជាចង់បានគឺមិនត្រូវការឲ្យប្រទេសណាមួយ សម្ព័ន្ធមិត្ត ឬក៏មិត្តរបស់កម្ពុជាទៅថ្កោលទោសប្រទេសណាទេ ប៉ុន្តែអ្វីដែលកម្ពុជាចង់បានគឺការធ្វើយ៉ាងណាជំរុញឲ្យភាគីទាំងពីរគោរពបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងការស្វែងរកដំណោះស្រាយ ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងកម្ពុជា និងថៃឡើងវិញ។ 

សម្ដេចតេជោ មិនភ្លេចអរគុណចំពោះឯកឧត្តម អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមចំណែកដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ ។ សម្ដេចតេជោបានបង្ហាញនូវការគោរព ចំពោះតួនាទីស្នូលរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលមានសារៈសំខាន់ណាស់​ក្នុងការធ្វើយ៉ាងណា ទាំងការធានាបទឈប់បាញ់ និងការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ ក្នុងឋានៈឯកឧត្តមជាប្រធានអាស៊ាន។ សម្ដេចតេជោបានផ្ដាំផ្ញើនូវការនឹករលឹក និងអរគុណយ៉ាងក្រៃលែង ចំពោះការចូលរួមចំណែកយ៉ាងសកម្មពីភាគីម៉ាឡេស៊ី ។

ក្រៅពីនេះ សម្ដេចតេជោ ក៏បានកត់សម្គាល់ដែរថា ពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ី មានការកើនឡើង ប៉ុន្តែសម្ដេចចង់ជំរុញឲ្យរដ្ឋាភិបាលប្រទេសទាំងពីរធ្វើយ៉ាងណា ជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានការកើនឡើងបន្ថែមទៀត ។ សម្ដេចតេជោ ក៏បានអរគុណម៉ាឡេស៊ី ដែលកន្លងមកបានជួយទិញអង្ករពីកម្ពុជា ដោយម៉ាឡេស៊ី គឺជាប្រទេសទី១ ដែលនាំអង្ករពីកម្ពុជាច្រើនជាងគេ រហូតដល់ទៅ ៧ម៉ឺនតោនកាលឆ្នាំ២០២៤ ហើយសម្ដេចសង្ឃឹមថា ម៉ាឡេស៊ីនឹងជួយទិញផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ។

ទាក់ទងទៅនឹងទេសចរណ៍សុខាភិបាល សម្ដេចតេជោ បានឯកភាពទៅនឹងការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហើយសម្ដេចតេជោ បានផ្ដល់យោបល់ថា ម៉ាឡេស៊ី គួរតែបង្កើតមជ្ឈមណ្ឌលផ្ដល់ព័ត៌មានមួយពីការផ្ដល់សេវាសុខាភិបាលនៅកម្ពុជាអំពីការទៅព្យាបាលនៅប្រទេសម៉ាឡេស៊ីដែលជាផ្នែកមួយឲ្យប្រជាពលរដ្ឋចង់ទៅព្យាបាលនៅម៉ាឡេស៊ីអាចស្វែងយល់បន្ថែមទៀតនៅក្នុងការសិក្សា ក៏ដូចជា ស្វែងរកជម្រើសក្នុងការទៅព្យាបាលនៅប្រទេសម៉ាឡេស៊ី។ ទាក់ទងនឹងវិស័យអាហារហាឡាល់ សម្ដេចតេជោបានលើកឡើងផងដែរថា នេះជាបញ្ហាមួយដែលបានលើកឡើងយូរមកហើយ ដោយសម្ដេចសង្ឃឹមថា នឹងលេចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ ដែលប្រទេសទាំងពីរអាចធ្វើបានក្នុងកិច្ចសហការជាមួយគ្នា៕